បែកញើសបាតដៃ ឬជើងនឹងលែងជាបញ្ហាទៀតហើយ ប្រសិនបើអ្នកអនុវត្តន៍តាមរូបមន្តងាយៗបែបធម្មជាតិទាំងនេះ
ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីដោះស្រាយបញ្ហាបែកញើសហួសប្រមាណលើបាតដៃ និងប្រអប់ជើង ៖
១. ទឹកក្រូចឆ្មារ ៖ អ្វីដែលអ្នកត្រូវការ គឺក្រូចឆ្មារស្រស់ (ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែប្រសើរជ្រើសរើសក្រូចឆ្មារពណ៌លឿង) និងម្ស៉ៅ baking soda។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់ក្រូចឆ្មារចំនួន ២ ផ្លែធំៗ ដើម្បីយកទឹក រួចលាយវាជាមួយនឹងម្ស៉ៅ Baking soda ចំនួន កន្លះស្លាបព្រាបាយ។ លាយវាឲ្យក្លាយជាល្បាយខាប់ៗ បន្ទាប់មកលាបទៅលាបតំបន់ដែលទទួលរងផលប៉ះពាល់ ទុកឲ្យស្ងួត សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។

២. ទឹកខ្មេះផ្លែប៉ោម ៖ អ្វីដែលអ្នកត្រូវការ គឺទឹកក្ដៅឧណ្ហៗ និងទឹកខ្មេះផ្លែប៉ោមគ្មានជាតិគីមី។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយនឹងទឹកក្ដៅឧណ្ហៗចំនួនកន្លះពែង។ លាងសម្អាតដៃ ឬប្រអប់ជើងជាមួយនឹងទឹកល្បាយនេះ។ ទុកឲ្យវាស្ងួតដោយខ្លួនឯងសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតដៃចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។

៣. ប្រេងដើមតែ ៖ អ្វីដែលអ្នកត្រូវការ គឺប្រេងដើមតែ ទឹកក្ដៅឧណ្ហៗ និងសំឡី។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដើមតែចំនួន ១០ ដំណក់ ជាមួយនឹងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឲ្យសព្វ សឹមជ្រលក់សំឡីចូលក្នុងទឹកល្បាយ រួចដុសថ្នមៗលើតំបន់ដែលទទួលរងផលប៉ះពាល់ (ប្រអប់ដៃ ឬជើង) អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។

៤. ម្ស៉ៅពោត ឬម្ស៉ៅអង្ករ ៖ អ្វីដែលអ្នកត្រូវការ គឺម្ស៉ៅពោត ឬអង្ករ និងម្ស៉ៅ Baking soda។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយ
ម្ស៉ៅពោត ឬអង្ករ ចំនួន ៥ស្លាបព្រា ជាមួយនឹងម្ស៉ៅ Baking soda ចំនួន ៤ ស្លាបព្រា។ កូរលាយឲ្យសព្វ សឹមលាបម្ស៉ៅ
លើតំបន់ដែលទទួលរងផលប៉ះពាល់ ហើយជូតសម្អាតជាមួយនឹងសំឡី។ វិធីនេះនឹងកាត់បន្ថយញើសចេញពីដៃបានភ្លាមៗ។ អនុវត្តន៍នូវរាល់ពេលត្រូវការកម្ចាត់ញើសចេញ។ វាមិនមែនជារូបមន្តជួយកម្ចាត់ញើសបានយូរឡើយ ប៉ុន្តែសម្រាប់ប្រើក្នុងករណីបន្ទាន់ដែលអ្នកត្រូវការសម្អាតដៃ ឬប្រអប់ជើងភ្លាមៗ។

៥. ផ្លែប៉េងប៉ោះ ៖ អ្វីដែលអ្នកត្រូវការ គឺផ្លែប៉េងប៉ោះពណ៌ក្រហម។ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ប៉េងបោះឲ្យទៅជាចំណិតៗ រួចយកវាទៅបិតលើតំបន់ដៃ ឬជើងដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី សឹមយកចេញ។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។

៦. តែបៃតង ឬតែខ្មៅ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់តែបៃតង ឬខ្មៅមួយកញ្ចប់ចូលក្នុងទឹកក្ដៅ ១ ពែង។ ជ្រលក់លើកៗឲ្យបានច្រើនដង រហូតទាល់តែចេញពណ៌។ បន្ទាប់មកលាងសម្អាតដៃ ឬប្រអប់ជើងជាមួយនឹងទឹកតែនេះ។

៧. ផ្លែបឺរ ឬអាវូកាដូ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់អាវូកាដូ ១ ផ្លែ និងទឹកធម្មតា ១ ពែង ចូលក្នុងម៉ាស៊ីនក្រឡុក។ កិនរហូតក្លាយទៅជាដូចគ្រីម សឹមលាបវាលើតំបន់ដែលទទួលរងផលប៉ះពាល់។ ទុករហូតដល់ស្ងួត និងលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ៕
អត្ថបទ ៖ Bee
ប្រភព ៖ Homeremedies