ស្មានមិនដល់សោះថា ទឹកស្លឹកល្ហុងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់បានច្រើនយ៉ាងនេះ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីរបៀបងាយៗនៃការធ្វើទឹកស្លឹកល្ហុង និងអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើននៃទឹកស្លឹកល្ហុងចំពោះសុខភាព ក៏ដូចជាសម្រស់ ៖
១. របៀបធ្វើភេសជ្ជៈស្លឹកល្ហុង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺយកស្លឹកល្ហុងទំហំសមល្មមចំនួនប្រហែលជា ១០ ស្លឹកមកលាងឲ្យស្អាត រួចទុកឲ្យស្ងួត សឹមដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក ដោយបន្ថែមទឹកធម្មតាចំនួន ១ ពែង ចូល។ កិនឲ្យម៉ត រួចប្រើក្រណាត់ ឬស្បៃស្អាតដើម្បីច្របាច់ច្រោះយកទឹកល្ហុងកុំឲ្យដោយកាក។ ដើម្បីងាយស្រួលក្នុងការទទួលទានបន្ថយរសជាតិល្វីងចត់ អ្នកអាចលាយទឹកស្លឹកល្ហុងជាមួយនឹងទឹកផ្លែឈើស្រស់ដទៃទៀតដែលអ្នកចូលចិត្តបាន។ អ្នកគួររក្សាទុកទឹកស្លឹកល្ហុងក្នុងទូរទឹកកកដើម្បីអាចទទួលទាននៅពេលក្រោយបានដល់ទៅ ៤ ឬ ៥ ថ្ងៃ។ បើទោះជាទឹកស្លឹកល្ហុងមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ក៏ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានឡើយ ក៏ព្រោះវាអាចនឹងបណ្ដាលឲ្យរលូតកូន។

២. អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ ៖
– ព្យាបាលជំងឺគ្រុនឈាម ៖ ទឹកស្លឹកល្ហុងមានប្រសិទ្ធិភាពជួយដល់រាងកាយក្នុងការបង្កើនចំនួនផ្លាកែតឈាមដែលបានបាត់បង់ ខណៈពេលយើងកំពុងកើតជំងឺគ្រុន
ឈាម។
– លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺគ្រុនចាញ់ ៖ ទឹកស្លឹកល្ហុងមានផ្ទុកសារធាតុ acetogenin ដែលអាចទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងជំងឺមួយចំនួនដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម និងមហារីក។
– ល្អសម្រាប់ថ្លើម ៖ ដូចជាផ្លែល្ហុងដែរ ស្លឹកល្ហុងមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើនដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសម្អាតកម្ចាត់ជាតិពុលចេញពីថ្លើម។
– ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង ៖ ស្លឹកល្ហុងមានផ្ទុកសារធាតុ papain និង chymonpapain ដែលជួយសម្រួលដល់ការរំលាយអាហារ។វាជួយសម្អាតពោះវៀនធំ ដើម្បីទប់ស្កាត់បញ្ហាទល់លាមក។ មិនត្រឹមតែប៉ុណ្ណឹងទេ វត្តមានអង់ស៊ីម protease និង amylase ដែលមានផ្ទុកយ៉ាងច្រើនក្នុងស្លឹកល្ហុងក៏ជួយដល់ការបំបែកប្រូតេអ៊ីន ជាតិកាបូអ៊ីដ្រាត និងសារធាតុរ៉ែ ដែលធ្វើឲ្យការរំលាយអាហារកាន់តែមានភាពងាយស្រួល។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្ពស់របស់ស្លឹកល្ហុងក៏ជួយកាត់បន្ថយការរលាកក្នុងក្រពះ និងពោះវៀនធំផងដែរ។
– កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ៖ ការទទួលទានទឹកស្លុកល្ហុងអាចជួយដល់អ្នកដែលមានជំងឺទឹកនោមផ្អែមក្នុងការរក្សា និងគ្រប់គ្រងការផលិតអាំងស៊ុយលីនរបស់រាងកាយ។
– ទឹកស្លឹកល្ហុងក៏មានប្រសិទ្ធិភាព បំបាត់ការឈឺចាប់ពេលមករដូវ ជួយគ្រប់គ្រងវដ្ដនៃរដូវ និងរក្សាតុល្យភាពនៃអ័រម៉ូនផងដែរ។
– ព្យាបាលបញ្ហាផ្សេងៗនៃស្បែក ៖ លក្ខណៈសម្បត្តិសម្បូរទៅដោយវីតាមីន C និង A របស់ស្លឹកល្ហុង ជួយធ្វើឲ្យស្បែកមានសភាពស្រស់ថ្លាភ្លឺរលោង។ វត្តមាននៃសមាសធាតុ karpain ត្រួតពិនិត្យការលូតលាស់នៃមីក្រូសរីរាង្គដែលលើស ហើយលាងសម្អាត ក៏ដូចជាបន្សាបជាតិពុលចេញពីស្បែកផ្តល់នូវការការពារប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាស្បែកផ្សេងៗដូចជា រោគមុន ស្នាមជ្រួញ ជាដើម។
– ជំរុញដល់ការលូតលាស់នៃសក់ ៖ ស្លឹកល្ហុងមិនត្រឹមតែជួយធ្វើឲ្យសក់កាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញដល់កំណើននៃសក់ផងដែរ។ វាក៏ផ្ដល់ឲ្យសក់នូវសុខភាពកាន់តែល្អ ភ្លឺ រលាស់ស្រស់ស្អាតទ្វេឡើង និងបំបាត់អង្គែស្បែកក្បាលថែមទៀតតាមរយៈឥទ្ធិពលនៃសមាសធាតុ karpain ដែលវាមានផ្ទុក។
– កាត់បន្ថយហានិភ័យនៃជំងឺមហារីក ៖ វត្តមាននៃសារធាតុ acetogenins ដែលមាននៅក្នុងស្លឹកល្ហុងដើរតួនាទីប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកជាច្រើនប្រភេទដូចជា ថ្លើម សួត លំពែង និងសុដន់។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃស្លឹកល្ហុងក៏អាចជួយសម្រាលផលប៉ះពាល់ខ្លាំងក្លានៃថ្នាំគីមីចំពោះរាងកាយផងដែរ៕
អត្ថបទ ៖ Bee
ប្រភព ៖ NDTV, Stylecraze