ចំណេះដឹង

គន្លឹះមួយចំនួនអាចជួយឲ្យលោកអ្នករៀនអ្វីក៏ឆាប់ចេះ!

BY
Khmernote Media
January 31, 2020

ក្នុងនាមជាសហគ្រិន លោកអ្នកនឹងមានកិច្ចការច្រើនត្រូវធ្វើ និងជំនាញច្រើនដែលត្រូវរៀនបន្ថែមរាល់ថ្ងៃ បើលោកអ្នកពិតជាចង់ទទួលបានជោគជ័យមែន។ លោកអ្នកនឹងត្រូវរៀនជំនាញដែលត្រូវប្រើប្រាស់ដើម្បីធ្វើការ ទទួលបានព័ត៌មានថ្មីៗអំពីឧស្សាហកម្មដែលរបស់លោកអ្នក និងមេរៀនអំពីរបៀបអភិវឌ្ឍខ្លួនថែមទៀត។ប៉ុន្តែនៅពេលលោកអ្នកកំពុងតែរែកពុនបន្ទុកទំនួលខុសត្រូវសហគ្រិនភាពរាល់ថ្ងៃ និងប្រើប្រាស់ខួរក្បាលស្ទើរអស់សមត្ថភាពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការងារ លោកអ្នកប្រហែលពិបាករកពេលរៀនអ្វីៗថ្មីណាស់។

ទោះជាយ៉ាងណា គន្លឹះខាងក្រោមនេះអាចជួយលោកអ្នកឱ្យរៀនឆាប់ចេះ និងមានប្រសិទ្ធភាពកាន់តែច្រើន ទោះជាលោកអ្នករវល់យ៉ាងណាក៏ដោយ ៖

១/ ទាក់ទងជាមួយមនុស្សដែលចូលចិត្តរៀនសូត្រ

សូមគិតដល់កិច្ចការអ្វីមួយដែលលំបាកខ្លាំងសម្រាប់លោកអ្នករៀនធ្វើដោយខ្លួនឯង។ ប្រហែលលោកអ្នកបង្កើតកំហុសច្រើនណាស់នៅក្នុងដំណើររៀនធ្វើកិច្ចការអ្វីមួយ ហើយពេលគិតត្រឡប់ក្រោយវិញ ប្រហែលលោកអ្នកដឹងផ្លូវកាត់និងគន្លឹះដែលអាចជួយសន្សំពេលបានច្រើន។ សូម្បីតែកិច្ចការ ឬមេរៀនដែលស្មុគ្រស្មាញបំផុតក៏តែងតែមានផ្លូវកាត់ដែរសម្រាប់មនុស្សដែលបានឆ្លងកាត់។ ដូច្នេះហើយជំហានដំបូងបំផុតគឺត្រូវស្វែងរក និងនិយាយជាមួយមនុស្សណាដែលបានរៀនជំនាញនិងចេះធ្វើកិច្ចការដែលលោកអ្នកចង់ចេះនេះ។ សាកសួរសុំដំបូន្មានពីគេដើម្បីចំណេញពេលវេលារៀនគ្រប់យ៉ាងដោយខ្លួនឯង។

២/ ដាក់ខ្លួនទៅក្នុងដំណើរការរៀន

ពេលនេះលោកអ្នកគួរតែដឹងថាការងារច្រើនក្នុងពេលតែមួយមិនមែនជាទម្លាប់ល្អទេ។ នៅពេលខួរក្បាលរបស់លោកអ្នកធ្វើកិច្ចការច្រើនមុខក្នុងពេលជាមួយគ្នា វាតែងតែបញ្ចប់ទៅវិញដោយបរាជ័យក្នុងកិច្ចការទាំងអស់។ បើលោកអ្នកចង់រៀនអ្វីមួយ លោកអ្នកត្រូវតែជ្រមុជខ្លយនទៅក្នុងដំណើរការរៀននោះ។ បើលោកអ្នករៀនសៀវភៅអ្វីមួយ លោកអ្នកត្រូវតែកាត់ផ្តាច់ការរំខានទាំងអស់ និងផ្តោតចិត្តតែលើកិច្ចការនៅចំពោះមុខនោះ។ សូមបិទសំឡេងរំខានទាំងអស់និងកាត់ផ្តាច់ចរន្តទាក់ទងទាំងអស់ដែលអាចបង្កជាការរំខាន។ លោកអ្នកនឹងរៀនបានរហ័សនិងកាន់តែងាយស្រួលតាមរបៀបនេះ។

៣/ រៀនកំណត់ពេលវេលា

មធ្យោបាយល្អបំផុតដើម្បីរៀនឆាប់ចេះ និងផ្តោតចិត្តបានល្អគឺត្រូវកំណត់ពេលវេលាជាកំណាត់ៗរយៈពេល២០ទៅ៣០នាទីសម្រាប់កិច្ចការនីមួយៗ។ បើផ្តោតចិត្តយូរជាងនេះ លោកអ្នកនឹងពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង ឬមួយចាប់ផ្តើមធុញទ្រាន់នឹងកិច្ចការដែលកំពុងតែធ្វើ។ ប៉ុន្តែបើមិនបានកំណត់ពេលវេលាធ្វើការឱ្យបានយូរបែបនេះទេ លោកអ្នកក៏មិនអាចជ្រមុជស៊ប់នៅក្នុងកិច្ចការរហូតបង្កើតបានជាលំហូរនោះទេ។

៤/ កត់ត្រាអ្វីៗគ្រប់យ៉ាងទុកសម្រាប់ខ្លួនឯង

មានហេតុផលច្រើនណាស់ដែលយើងអាចចងចាំរឿងបានប្រសើរនៅពេលយើងសរសេរឬកត់ត្រាទុកក្នុងសៀវភៅ។ វាអាចថាដោយសារយើងបានផ្តោតចិត្តរំឭកឡើងវិញនូវអ្វីៗដែលបានឃើញ ស្តាប់ឮ ឬគិតទៅក្នុងទម្រង់ជាសំណេរ ឬមួយវាអាចជាគន្លឹះផ្លូវចិត្តដែលមនុស្សយើងត្រូវធ្វើបែបនេះដើម្បីចងចាំ។ ទោះជាហេតុផលយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើនទទួលស្គាល់ថាវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការរៀនឆាប់ចេះដែរ។

៥/ ស្វែងរកមធ្យោបាយកែតម្រូវខ្លួនឯង

ចិត្តរបស់យើងរៀនបានល្អបំផុតនៅពេលយើងជួបនឹងការរិះគន់ឬយោបល់តបមកវិញភ្លាមៗ។ បើកិច្ចការអ្វីមួយជាទង្វើត្រឹមត្រូវ យើងត្រូវការមានអារម្មណ៍ទទួលរង្វាន់មកវិញ។ ប៉ុន្តែបើកិច្ចការអ្វីមួយមានដំណើរការខុស យើងក៏គួរតែទទួលបានការកែតម្រូវវិញភ្លាមៗដែរ។ ការធ្វើបែបនេះក៏ជួយលោកអ្នកឱ្យជៀសផុតពីការបង្កើតកំហុសដដែលៗដែរ។ ប្រព័ន្ធផ្តល់យោបល់របស់លោកអ្នកប្រហែលពឹងផ្អែកលើភាគីពីខាងក្រៅ ឬការផ្ទៀងផ្ទាត់ជាប្រចាំជាមួយនឹងប្រភពដូចជាសៀវភៅជាដើមដើម្បីធានាបានថាលោកអ្នកកំពុងតែរៀនក្នុងរបៀបដែលត្រូវ៕

ប្រភព៖entrepreneur

Share This Post: