តុលាការថៃសម្រេចឱ្យមានការកែប្រែបន្ថែមលើច្បាប់រំលូតកូន ដោយមិនត្រូវឱ្យមានការដាក់ទណ្ឌកម្មលើស្ត្រីនោះទេ
អន្តរជាតិ February 20, 2020 lyda

តុលាការថៃបានសម្រេចកាលពីថ្ងៃពុធថា ច្បាប់រំលូតកូនរបស់ប្រទេសនេះ ត្រូវតែធ្វើវិសោធនកម្មបន្ថែមទៀត ដោយដកទណ្ឌកម្មលើស្ត្រីដែលចង់បញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ។ តុលាការធម្មនុញ្ញបានសម្រេចចិត្តតាមសាលក្រមភាគច្រើន ដោយមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌទាក់ទងនឹងការរំលូតកូនគឺ “ផ្ទុយពីរដ្ឋធម្មនុញ្ញ” ពីព្រោះច្បាប់នោះបានរំលោភសិទ្ធិសេរីភាពក្នុងការរស់រាន និងសេរីភាពរបស់ស្ត្រី។ មាត្រាទាំងនោះរួមមានមាត្រា ៣០១ ដែលផ្តន្ទាទោសស្ត្រីដែលធ្វើការរំលូតកូន ដោយឱ្យពួកគេជាប់គុក ៣ឆ្នាំ និងពិន័យជាប្រាក់ ៦,០០០ បាត (១៨៥ ដុល្លារ)។

នៅក្នុងសេចក្ដីសម្រេចនេះតុលាការបានផ្តល់ពេលវេលារយៈពេល ៣៦០ថ្ងៃ សម្រាប់ការធ្វើវិសោធនកម្ម។ ការពិតទៅមានស្ត្រីតិចណាស់ដែលត្រូវបានកាត់ទោស ដោយសារតែមានការលើកលែងយ៉ាងទូលាយនៅក្នុងច្បាប់រំលូតកូននេះ។ ប៉ុន្តែទោះយ៉ាងណាសកម្មជន និងក្រុមអ្នកសិក្សាដែលគាំទ្រជម្រើសនេះ បានធ្វើយុទ្ធនាការដើម្បីធ្វើវិសោធនកម្មពេញលេញ និងបានអំពាវនាវដល់សង្គម និងច្បាប់ដើម្បីអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិបញ្ចប់ការមានផ្ទៃពោះដោយស្របច្បាប់ និងដោយសុវត្ថិភាព៕

អត្ថបទ៖ លីដា