ដំរីព្រៃមួយក្បាលចូលមកអុកឡុកសហគមន៍ពលរដ្ឋឥណ្ឌា ហើយបានបណ្តាលឱ្យមនុស្ស ២០បាត់បង់ជីវិត និង ១៥នាក់រងរបួស
ឥណ្ឌា៖ សត្វដំរីមួយក្បាលបានចូលទៅអុកឡុកសហគមន៍រស់នៅរបស់របស់ប្រជាពលរដ្ឋឥណ្ឌា ហើយបានបណ្តាលឱ្យមនុស្ស ចំនួន ២០នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ១៥នាក់រងរបួសធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែមករា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងស្រុក West Singhbhum ដែលជាតំបន់ដាច់ស្រយាលមួយ ស្ថិតនៅក្នុងរដ្ឋ Jharkhand ភាគខាងលិច នៃប្រទេសឥណ្ឌា។
លោក Aditya Narayan ដែលជាមន្ត្រីជំនាញផ្នែកសត្វព្រៃបានឱ្យដឹងថា ដំរីមួយក្បាលនេះគឺជាសត្វដំរីព្រៃ ដែលធ្លាប់រស់នៅតាមបែបធម្មជាតិនៅក្នុងតំបន់ព្រៃ Jharkhand។ អ្នកជំនាញរូបនេះបានបន្តថា មូលហេតុដែលនាំឱ្យសត្វដំរីព្រៃរត់ចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋដូចនេះ គឺដោយសារតែវាបានបាត់បង់ជំរកបែបធម្មជាតិនៅក្នុងព្រៃរបស់វា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ដំរីមួយក្បាលនេះបានចេញមកអុកឡុកប្រជាពលរដ្ឋឥណ្ឌាអស់រយៈពេល ៩ថ្ងៃមកហើយ ខណៈពេលនេះអាជ្ញាធរកំពុងប្រើប្រាស់ដ្រូន ដើម្បីតាមស្វែងរកទីតាំងលាក់ខ្លួនរបស់សត្វដំរី និងធ្វើការប្រមាញ់វាតែម្តង។ គួររម្លឹកជូនថា កាលពីអំឡុងឆ្នាំ ២០២៣-២០២៤ ហេតុការណ៍ដូចនេះគ្នាក៏បានកើតឡើងនៅក្នុងប្រទេសផងដែរ ហើយពេលនោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានរហូតដល់ ៦២៩នាក់ឯណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

