សុខភាព

ជប៉ុន​បិទ​សាលា​រៀន​មួយ​ខែ ដើម្បី​សុវត្ថិភាពក្មេងៗ ខណៈ COVID-19 រាលដាលខ្លាំងលើពិភពលោក​

BY
Khmernote Media
February 28, 2020

ដើម្បី​ការពារ​ពលរដ្ឋ ពិសេស​ក្មេងៗ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី បង្ក​ដោយ​វីរុស Covid-19 នាយករដ្ឋ​មន្ត្រី​ជប៉ុន បាន​សម្រេច​ចិត្ត បិទទ្ចារ​សាលា​មួយ​ខែ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​កាន់​តែ​ខ្លាំង។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក Shinzo Abe កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​សម្រេច​បិទ​ទ្វារ​សាលា​រៀន​ទាំង​អស់​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ ២ មីនា ដល់​ថ្ងៃ ៦ មេសា ក្នុង​ចេតនា​ប្រយុទ្ធ​ប្រឆាំង​ពី​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ទឹក​ដី​របស់​ខ្លួន។

ចំណាត់​ការ​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​មន្ត្រី​អប់រំ​ជប៉ុន ក្រោយ​កោះ​ហុកកៃដូ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​បិទទ្វារ​សាលារៀនសរុប ១៦០០កន្លែង។ដោយ​ឡែក បណ្តាល​អនុវិទ្យាល័យ និង​បឋមសិក្សា ក្នុង​ទីក្រុង​អ៊ី​ឈិកាវ៉ា ខេត្ត​ឈីបា នឹង​ចាប់​ផ្តើម​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ ក្រោយ​មាន​ការ​ឆ្លង​រាល​វិរុស​ជា​ច្រើន​ករណី​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​ក្មេង​អាយុ​ក្រោម ១០ឆ្នាំ ចំនួន ២ នាក់​ទៀត​ផង។ លោក Shinzo Abe ​លើក​ឡើង​ថា នៅ​សប្តាហ៍​ក្រោយ​ ឬ ២​សប្តាហ៍​ទៀត កង​កម្លាំង​ពិសេស​ប្រយុទ្ធ​វីរុស​កូរ៉ូណា​ថ្មី នឹង​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទ្រង់ទ្រាយ​ធំ ដើម្បី​ទប់​ស្កាត់​ការរីករាល​ដាល​ឲ្យ​ខាន​តែបាន។

លោក​ថា អំឡុង​ពេល​នេះ សុខភាព និង​សុវត្ថិភាព​ក្មេងៗ ជារឿង​អាទិភាព។ជាមួយ​គ្នា​នេះ នាយករដ្ឋ​មន្ត្រី​ជប៉ុន ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​ខ្លាំង ពីការផ្ទុះ​រីករាល​ដាល​វីរុស​នេះ​កាន់​តែ​ខ្លាំង​ទូទាំង​ប្រទេស​ជប៉ុន ស្រប​ពេល​ជប៉ុនកាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ចំនួន​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី មាន​ដល់​ទៅ ២១០ ​នាក់​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​ជប៉ុន កើន​ដល់​ជាង ១០០០​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៣៦​នាក់។

ជាមួយ​គ្នានេះដែរ​WOH កាលពី​ម្សិល​មិញ​ក៏​បាន​ព្រមាន​ទៅ​កាន់​ប្រទេស​ទាំងអស់​លើ​ពិភព​លោកកុំ​ឲ្យ​គិតថា​ប្រ​ទេស​របស់​ខ្លួន​អាច​គេច​ផុត​ពី​វីរុស​ COVID-19 ដោយ​ថា​ការ​គិត​បែបនេះអាចជាកំហុសធំមួយ។ WHO លើក​ឡើងថា​ប្រ​ទេស​អ្នកមានក៏​មានជួប​បញ្ហា​ឆ្លង​វីរុសនេះដែរ​ ខណៈ​វីរុស COVID-19 កំពុងរាលដាលខ្លាំងលើពិភព​លោក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: