អគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងជាប់ៗគ្នា នៅម្ដុំផ្សារស៊ីលឹប ខណ្ឌដូនពេញ ទាំងកណ្ដាលយប់
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងជាប់ៗគ្នាយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារស៊ីលឹប (ច្រកចូលការិយាល័យព្រឹត្តិបត្រនិងបោះពុម្ពផ្សាយ) ភូមិ១២ ផ្លូវ១៦៣ កែងផ្លូវ១៨០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាម៉ោងជាង១០យប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០នេះ។ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយក្រុមពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយអន្តរាគមន៍។
ករណីឆេះបន្ទប់ជួលក្នុងផ្ទះល្វែងជាប់ៗគ្នារបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម បណ្ដាលឲ្យស្លាប់លោកយាយម្នាក់អាយុជាង៧០ឆ្នាំ នេះជាសេចក្ដីរាយការណ៍បឋម។ សេចក្ដីរាយការណ៍ បន្តថា ការដែលលោកយាយត្រូវអគ្គិភ័យឆេះស្លាប់នោះ ដោយសារគាត់មានវ័យជរា មិនអាចដើរបាន ហើយគាត់ត្រូវបានប្រជាពលរដ្ឋនៅទីនោះហៅថាជាម៉ែអាក្រញាញ់។ ប៉ុន្តែឈ្មោះពិតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៍ឆេះបន្ទប់ជួលរបស់ប្រជាពលរដ្ឋជាច្រើនល្វែងជាបន្តបន្ទាប់ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតមកដល់ម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែមីនា ទើបរលត់ជាស្ថាពរ។
ចំពោះផ្ទះ ដែលឆាបឆេះនេះ ភាគច្រើនជាផ្ទះឈើ ដែលគេសាងសង់ឡើងជាបន្ទប់ៗសម្រាប់ជួល។ ចំណែកម៉ូតូ ដែលផ្ញើនៅជាន់ខាងក្រោមនោះជាង១០០គ្រឿងវិញ ត្រូវបានជម្លៀសចេញទាន់ពេលវេលា ពុំមានការខូចខាតអ្វីនោះទេ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត











