គិតត្រឹមរសៀលនេះ ការពិនិត្យសំណាករបស់ជនជាតិចិន០២នាក់ នៅខណ្ឌសែនសុខ បញ្ជាក់ថា មិនមានវីរុស COVID-19 ទេ
កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានជំងឺឆ្លង សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ (RRT) នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ការិ.ស្រុកប្រតិបតិ្តសែនសុខ និងមណ្ឌលសុខភាពភ្នំពេញថ្មី បានចុះអង្កេតតាមដាន និងធ្វើការវាយតម្លៃម្តងទៀតលើករណីនេះ និងបានមកវត្ថុវិភាគពីជនជាតិចិនទាំង២នាក់នោះ ដើម្បីយកទៅពិនិត្យរកCOVID-19 ឲ្យច្បាស់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិប៉ាស្ទរ័កម្ពុជា។
យោងតាមការបង្ហោះឲ្យដឹងពីមន្ត្រីក្រសួងសុខាភិបាលម្នាក់បានឲ្យដឹងថា ជាលទ្ធផល នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ការពិនិត្យសំណាកលើជនជាតិចិន០២នាក់ ដែលស្នាក់នៅបុរីមួយ នៅផ្លូវម៉ុងឬទ្ធី ខណ្ឌសែនសុខ ដែលក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់មកវិញថា លទ្ធផលអវិជ្ជមាន (គ្មានវីរុស COVID-19)។ ដូច្នេះហើយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថាសូមកុំឲ្យបងប្អូនមានការព្រួយបារម្ភចំពោះករណីនេះ។
យ៉ាងណាមិញគិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ កម្ពុជានៅមិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ ដោយនៅតែរក្សា ១ករណី ដដែល ដែលជាជនជាតិចិន ហេីយបានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ ទោះជាយ៉ាងណាកម្ពុជា នៅតែបន្តធ្វេីការងារដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC៕



អត្ថបទ៖ ណារ៉ែន