រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចឲ្យបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ និងខេត្តកោះកុង
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២,៤៤៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ៥៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧,១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ។
អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ ៖
* ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ
* ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
* រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
* លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ




