បន្លំយកលុយក្លែងក្លាយមកចាយ ស្មានតែគេមិនដឹង មានអីក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២៣ និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទឆបោក និងចរាចរណ៍រូបិយប័ណ្ណក្លែង (ប្រាក់ដុល្លារក្លែងក្លាយ) ដែលករណីឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្ទះសំណាក់ ឌីឌី ដែលមានទីតាំងផ្ទះលេខ៥៧D ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិស្ដៅ ឃុំល្វារលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទី២-ឈ្មោះ ចាន់ សារ៉េត ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហេង វង្សរ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធានាគារ និងបើកផ្ទះសំណាក់ឌីឌី ស្នាក់នៅផ្ទះលេខ៥៧D ផ្លូវ លេខ២៣០ ក្រុមទី១៧ ភូមិ ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន៧៤០$ ម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-3914 និងទូរស័ព្ទចំនួន០២គ្រឿង។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយចាំទទួលភ្ញៀវនៅតុក្នុងផ្ទះសំណាក់ខាងលើ ស្រាប់តែជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ មកឈប់នៅខាងមុខផ្ទះសំណាក់ ហើយជួលបន្ទប់ផ្ទះសំណាក់ដេកមួយយប់ ពេលនោះជនសង្ស័យឈ្មោះ លី ស្រីពៅ បានដកក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ៥០$ មួយសន្លឹកមកឲ្យជនរងគ្រោះអាប់ថ្លៃជួលបន្ទប់មួយយប់ ហើយនិយាយថា ប្រញាប់ទៅទិញថ្នាំពេទ្យមួយភ្លែតត្រឡប់មកផ្ទះសំណាក់វិញ ចំណែកជនសង្ស័យឈ្មោះ ចាន់ សារ៉េត បានអង្គុយនៅចាំលើម៉ូតូបញ្ឆេះចាំជាស្រាប់ ពេលនោះជនរងគ្រោះក៏បានយកលុយមកពិនិត្យមើលទើបដឹងថា ជាប្រាក់ដុល្លារក្លែងក្លាយក៏ស្ទុះទៅចាប់ម៉ូតូជនសង្ស័យរួម និងជនសង្ស័យទាំងពីរហើយរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន៧៤០$ ក្នុងនោះក្រដាសប្រាក់ប្រភេទ៥០$ចំនួន១៤ សន្លឹក និងក្រដាសប្រាក់ប្រភេទ២០$ ចំនួន០២សន្លឹក នៅក្នុងខ្លួនជនសង្ស័យទាំងពីរហើយជនរងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង៕


