ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះនៅសង្កាត់ផ្សារដេប៉ូទី២ កាលពីម្សិលមិញ ធ្វើឲ្យស្ត្រីចំណាក់ម្នាក់ស្លាប់ និងមនុស្សក្មេងចាស់ ៥នាក់ទៀត រលាកខ្លួនប្រាណ

BY
Khmernote Media
March 26, 2020

រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលលក់ឥវ៉ាន់ចាបហួយអស់មួយល្វេងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យលោកយាយអាយុជាង៧០ឆ្នាំម្នាក់ បានស្លាប់នៅក្នុងផ្ទះជាន់ខាងលើ និងមនុស្សប្រុសស្រី៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃពុធ ទី២៥ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២២១ កែងផ្លូវលេខ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្ទះត្រូវភ្លើងឆាបឆេះប្រកបមុខរបរលក់ដូរឥវ៉ាន់ចាបហួយ និងលក់សាំងច្រកដប ហើយបានរលំដបសាំង ទៅលើម៉ូតូខណៈម៉ាស៊ីនម៉ូតូកំពុងឆេះ បង្កឲ្យឆាបឆេះយ៉ាងលឿនពេញផ្ទះ និងមានផ្សេងខ្មៅខ្មួលខ្មាញ់រាលដល់ផ្ទះជិតខាង៣ទៅ៤ល្វេងទៀត ខណៈនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់នៅតែមិនរលត់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅខាងជំនាញការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីចុះអន្តរាគមន៍ពន្លត់។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំង៦នាក់ ៖ ទី១-ឈ្មោះយន់ ស្រ៉ីប ភេទស្រី អាយុ៧១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះកើតហេតុខាងលើ(ស្លាប់)។ទី២មាន ឈ្មោះអ៊ួន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។ ទី៣ -ឈ្មោះស៊ូ ស៉ីថា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ទី៤-ឈ្មោះអ៊ួន ភឿនលីលីហ្សា ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ ។ទី៥-ឈ្មោះអ៊ួន ភឿនលីលីកា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ ។ទី៦-ឈ្មោះ គៀត ឡាង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ។(អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះកើតហេតុខាងលើ )។

សមត្ថកិច្ចបន្តថា ចំពោះមូលហេតុ គឺបណ្តាលមកពីម្ចាស់ផ្ទះកើតហេតុ ចាក់សាំងម៉ូតូធ្លាក់ដបសាំងលើម៉ាស៉ីនម៉ូតូកំពុងក្តៅ បណ្តាលឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ សំភារៈខូចខាតរួមមាន ៖ម៉ូតូចំនួន០៣គ្រឿង ម៉ាកស្កុបពី គ្មានស្លាកលេខ(ឆេះទាំងស្រុង, ម៉ាកPCX (ឆេះទាំងស្រុង) និងម៉ាកPCX ពណ៍សលាយក្រហម (ឆេះ៥០ភាគរយ) រីឯសម្ភារៈក្នុងផ្ទះជាន់ក្រោម ឆេះស្ទើរទាំងស្រុង។

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យបានប្រើប្រាស់អស់រថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ដោយមកដល់កន្លែងកើតហេតុចំនួន១២គ្រឿង ទើបរលត់ជាស្ថាពរនៅល្ងាចថ្ងៃដដែល ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះដែលស្លាប់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន អោយរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នករបួស០៤នាក់ទៀត បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកឯក្មេងស្រីម្នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: