ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តទំនើប 570 ស្លាកលេខការ៉េ បើកបរមិនគោរពស្លាកសញ្ញាទៅបុកម៉ូតូណៃហត ខ្ទាតបោកចិញ្ចើមផ្លូវ របួសធ្ងន់ម្នាក់!

BY
Khmernote Media
March 26, 2020

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស570បើកបរយ៉ាងលឿនជ្រុលទៅបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ៣១០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស LEXUS LX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន មិនគោរពស្លាកសញ្ញា(ឈប់) ក៏ជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AC-9147 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវ៥១ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងពេញទំហឹង បណ្ដាលបុរសម្នាក់ជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ រីឯរថយន្តបង្កព្យាយាមបើករត់បានប្រហែល ១០០ម៉ែត្រ ទើបទៅមុខលែងរួច ដោយរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្លាក់កាងមុខផងដែរ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យជោរៃ ក្នុងខណ្ឌច្បារអំពៅផងដែរ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌបឹងកេងកង បានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ហើយយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: