ចាប់ខ្លួនបុរសម្នាក់​ជាអ្នកលក់ទូរស័ព្ទ ដែលផ្ញើសារសម្លេងបំពុលរឿងកូវីដ១៩ ដល់ពេលសមត្ថកិច្ចសួរឆ្លើយថា “ខ្លួនទទួលបានព័ត៌មាននេះពីប្រពន្ធ ហើយប្រពន្ធទទួលបានព័ត៌មានពីអ្នកកក់សក់ ហើយអ្នកកក់សក់ទទួលបានពីភ្ញៀវ”
ព័ត៌មានជាតិ March 26, 2020 Khmernote

អាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងករណីឃាត់ខ្លួនបុរសម្នាក់បានបង្ហោះសារជាសំលេងពាក់ព័ន្ធនឹងវីរុស COVID-19។ សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនោះមានអាយុ ៣៧ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ញើសារជាសំលេងតាម Messenger ប្រើគណនីហ្វេសប៊ុកឈ្មោះ «បងសំអាត» បានផ្ញើចូលក្នុងគ្រុបផឹកស៊ី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋម្នាក់ក្នុងភូមិ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ថាមានវីរុស COVID-19 ត្រូវពេទ្យពិនិត្យឃើញ ប៉ុន្តែ វារត់ចេញពីពេទ្យមកឆ្លងកូរ៉ូណាបងប្អូន។

ភ្លាមៗនៅថ្ងៃដដែលកម្លាំងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហៅមកធ្វើការស្តាប់ចម្លើយតាមនីតិវិធី។ ដោយយោងតាមការ ស្តាប់ចម្លើយបុគ្គលរូបនេះ បានសារភាពថា ខ្លួនគាត់ជាអ្នកផ្ញើសារនេះពិតប្រាកដ ប៉ុន្តែ គាត់ទទួលបានព័ត៌មាននេះ ពីប្រពន្ធរបស់ខ្លួន ហើយប្រពន្ធរបស់ខ្លួនបានទទួលព័ត៌មាននេះ ពីអ្នកកក់សក់ ដោយឡែកអ្នកកក់សក់បានទទួលព័ត៌មាននេះពីភ្ញៀវរបស់គាត់៕