ព័ត៌មានជាតិ

ជម្លោះហិង្សាដាក់គ្នា រហូតដល់បុរសម្នាក់បើករថយន្តបំបុកផ្ទះប្រជាពលរដ្ឋផ្អើលពេញភូមិ ហើយបើករត់តាំងពីខណ្ឌឬស្សីកែវ រហូតត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ជួយឃាត់បាន នៅមុខពេទ្យរុស្សី!

BY
Khmernote Media
March 27, 2020

ភ្នំពេញ ៖ ជម្លោះក្នុងវ៉ូងផឹកស៊ីជាមួយគ្នាឈានដល់ក្លាយជាហឹង្សាដល់ការប្តឹងផ្តល់គ្នាលុះចេញពីប្តឹងវិញ បុរសម្នាក់បានបើករថយន្តម៉ាស្តា ពណ៌ត្រេអ៊ីមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បានបើកបំបុកផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាត ហើយអ្នកបើកបរមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់ គេចតាំងពីខណ្ឌឬស្សីកែវ រហូតដល់ខណ្ឌមានជ័យ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យចេញជួយអន្តរាគមន៍ស្ទាក់ឃាត់បាន បង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី២៧ ខែមិនា ឆ្នាំ២០២០ នៅចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ហើយបើករត់គេចខ្លួនរហូត ត្រូវបានសមត្ថកិច្ចជួយស្ទាក់ឃាត់រថយន្ដបាន នៅចំណុស្ពានទី១ ទុលមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាកម៉ាស្តា (Mazda) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-6321 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីម្ខាងទៀត ក៏មិនអោយស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ជាម្ចាស់ផ្ទះ រងការខូចខាត និងជាភាគីមានជម្លោះជាមួយនិងខាងរថយន្ត ។

តាមប្រភពពីបុរសខាងម្ចាស់ផ្ទះរងការខូចខាតម្នាក់បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់នឹងជនបង្កអ្នកបើកបររថយន្ត បានអង្គុយផឹកស៊ីជាមួយអ្នកជិតខាង ហើយក៏មានភាគីខាងរថយន្តបង្ករចូលរួមផងដែរ លុះផឹករៀងស្រវឹងបន្តិចក៏កើតចិត្តទើសទាល់ទាស់ពាក្យសម្តីគ្នា ជាមួយខាងបុរសបើករថយន្ត ទើបឈានដល់ការបង្ករជាហឹង្សាឡើង ផ្ទុះការវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរងរបួសបន្តិចបន្តួច ហើយក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៍អោយរៀងៗខ្លួន ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដាក់ពាក្យបណ្ដឹង ហើយសម្របសម្រួលគ្នាចប់សព្វគ្រប់នោះ រូបគាត់ជាម្ចាស់ផ្ទះបានត្រឡប់មកផ្ទះមុន ហើយក៏បានឈរនៅមុខផ្ទះ ជជែកគ្នាលេងជាមួយអ្នកជិតខាង មិនបានប៉ុន្មានផង ក៏ស្រាប់តែបុរសបង្ករខាងលើ បានបើករថយន្តម៉ាក ម៉ាស្តា Mazda ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ បានបើកមក បំបុករះផ្ទះរបស់គាត់ និងជ្រុលទៅផ្ទះឈើមួយទៀត បណ្តាលឲ្យរងការខូចខាតម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២០ របស់គាត់ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតរបស់អ្នកភូមិ និងបុកទម្លុះផ្ទះអ្នកជិតខាងបែកបាក់ទ្វារ ធ្លាក់កាងជ័ររថយន្តបង្កនៅកន្លែងកើតហេតុ និងខូចខាតសម្ភារៈនៅមុខផ្ទះរាយប៉ាយពេញដី អស់ចំនួន២ផ្ទះបន្ថែមទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបានបើករថយន្តថយក្រោយ ហើយព្យាយាមបើករត់ចេញមក ក៏ត្រូវបានអ្នកភូមិទាញដុំថ្ម គប់ទៅលើរថយន្តបង្កនោះ ហើយរថយន្តបង្ក បានបើកចេញមករហូតមកដល់ផ្លូវ២៧១ រួចបត់ចុះមកផ្លូវបេតុង ស្ពានទី១ ទល់មុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក៍ត្រូវកម្លាំងសមត្ថកិច្ចល្បាត ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ប៉ុស្តិ៍ស្ទឹងមានជ័យទី២ និងកម្លាំងប៉ុស្តិ៍បឹងទំពន់ទី១ សហការគ្នាដេញតាមស្ទាក់ឃាត់រថយន្ដនិងអ្នកបើកបរបានមកវិញ រួចសួរនាំដំណើររឿងហេតុ បានដឹងហើយ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានកើតហេតុវិញ អោយចុះមកពិនិត្យមើលជាក់ស្ដែងផងដែរ។

ដោយឡែកបុរសជាអ្នកបើករថយន្តបង្ករ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងរថយន្តនោះបានអោយដឹងដែរថា នៅមុនពេលកើតហេតុ រូបគាត់បានផឹកស៊ីនៅជិតផ្ទះជាមួយអ្នកជិតខាង ហើយពេលនោះអ្នកដែលផឹកជាមួយគាត់ បានមករករឿង ហើយវាយគាត់អោយបែកក្បាល ទើបរូបគាត់បានរត់ឡើងបើករថយន្តរបស់ខ្លួន គេចចេញពីកន្លែងកើតហេតុ ក៍ជ្រុលទៅបុករះផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាតតែម្ដងទៅ ហើយបងប្អូនប្រជាពលរដ្ឋក៏ខឹងសម្បារក៏បានយកដុំថ្មគប់រថយន្ដរបស់គាត់ បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ចាំមើលអ្នកណាសងរថយន្តរបស់គាត់ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលឃាត់រថយន្តបាន សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ បានប្រគល់រថយន្ដបង្កររួមទាំងអ្នកបើកបរ ទៅអោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ដែលជាមូលដ្ឋានកើតហេតុ ធ្វើការបន្តវីញ រួចប្រគល់អោយសមត្ថកិច្ចជំនាញចរាចរណ៍ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយផងដែរ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: