ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាកំពុងពិចារណាបិទប្រទេសទ្រង់ទ្រាយធំជាងគេលើពិភពលោក ក្រោយកូវីដ ១៩ រាតត្បាតយ៉ាងខ្លាំងក្នុងជួរប៉ូលិស

    BY autoadmin May 8, 2020
    ឥណ្ឌាកំពុងពិចារណាបិទប្រទេសទ្រង់ទ្រាយធំជាងគេលើពិភពលោក ក្រោយកូវីដ ១៩ រាតត្បាតយ៉ាងខ្លាំងក្នុងជួរប៉ូលិស

    ឥណ្ឌា៖ ប៉ូលិសឥណ្ឌារាប់រយនាក់ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ កាលពីប៉ុន្មានថៃចុងក្រោយនេះ ហើយតួលេខអ្នកឆ្លងថ្មីដ៏ច្រើនក៏បានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសឥណ្ឌាកំពុងពិចារណាអំពីលទ្ធភាពនៃការបិទប្រទេសរបស់ខ្លួនទ្រង់ទ្រាយធំជាងគេនៅលើពិភពលោកទៀតផង។ បើតាមសារព័ត៌មាន channelnewsasia បានឲ្យដឹងថា កន្លងទៅនេះគ្រាន់តែនៅក្នុងរដ្ឋ Maharashtra តែមួយ មានប៉ូលិសជាង ៤៥០ ទៅហើយ ដែលត្រូវធ្វើតេស្ដវេជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ នោះ។

    ប្រភពខាងលើបានបន្តថា ឥណ្ឌាមានប៉ូលិសសរុបប្រមាណជា ៣ លាននាក់ ដែលត្រូវបានគេដាក់ឲ្យត្រួតពិនិត្យចំពោះការអនុវត្តវិធានការអនាម័យរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោយពេលរដ្ឋាភិបាលឥណ្ឌាសម្រេចបិទប្រទេសទ្រង់ទ្រាយតូចកាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅនេះ ខណៈឥណ្ឌាមានប្រជាពលរដ្ឋប្រមាណជា ១,៣ ពាន់លាននាក់ឯណោះ ដែលត្រូវចូលរួមសហការណ៍អនុវត្តវិធានការអនាម័យទាំងអស់គ្នា។

    ក្នុងការបំពេញភារកិច្ចចុះត្រួតពិនិត្យនោះ ប៉ូលិសឥណ្ឌាត្រូវធ្វើការយ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋដូចជា​ ដើរដេញប្រជាពលរដ្ឋឲ្យចូលសម្ងំនៅក្នុងផ្ទះជំនួសឲ្យការជួបជំនៅខាងក្រៅ ហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរបើគ្មានការចាំបាច់ និងឃាត់ខ្លួនពលរដ្ឋណាដែលព្យាយាមបំពានលើចំណាត់ការរបស់អាជ្ញាធរជាដើម។​ ក្នុងរូបភាពបែបនេះហើយទើបក្រុមប៉ូលិសឥណ្ឌាត្រូវឆ្លងមេរោគពីប្រជាពលរដ្ឋ និងបន្តចម្លងក្នុងចំណោមប៉ូលិសនៅក្នុងអង្គភាពយ៉ាងឆាប់រហ័សបែបនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះ ឥណ្ឌាមានអ្នកជំងឺកូវីដសរុបចំនួន ៥៦,៣៥១ ស្លាប់ចំនួន ១,៨៨៩ ករណី និងជាសះស្បើយត្រឹមតែ ១៦,៧៧៦ ករណីប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: