កម្មករបរទេសនៅម៉ាឡេស៊ីជាង ១០០នាក់ នាំគ្នារត់គេចខ្លួនក្នុងអំឡុងពេលត្រូវដាក់ឲ្យនៅដាច់ឡែក ១៤ ថ្ងៃ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៤៧ នាក់ បានរត់គេចខ្លួនពីកន្លែងដែលពួកគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្នុងទីក្រុងកូឡាឡាំពួ។ បើយោងតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាអគ្គនាយកមន្ទីរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា មនុស្សទាំង ១៤៧ នាក់គឺសុទ្ធតែជាកម្មករបរទេសដែលកំពុងធ្វើការក្នុងការដ្ឋានសាងសង់ Pavilion Embassy ហើយក្នុងនោះមានកម្មករមួយចំនួនគឺជាជនជាតិចិនផងដែរ។

វេជ្ជបណ្ឌិត Noor Hisham Abdullah បានបន្តថា កម្មករទាំងអស់នោះត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ ១៩ ម្តងរួចមកហើយជាមួយនឹងលទ្ធផលអវិជ្ជមាន តែទោះជាយ៉ាងណាក្តីពួកគេទាំងអស់តម្រូវឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃសិន និងរងចាំធ្វើតេស្តជាថ្មីម្តងទៀត ព្រោះពួកគេសុទ្ធតែជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគកូវីដ ១៩។ គិតមកទល់នឹងពេលនេះគេតាមរកកម្មករ ដែលបានរត់គេចខ្លួនបានមួយចំនួន ១៣នាក់ហើយ ដោយឡែកកម្មករ ១៣៤ នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួនដដែរ ខណៈអាជ្ញាធរម៉ាឡេស៊ីកំពុងដុតដុតជើងតាមរកពួកគេគ្រប់ទីកន្លែង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៦ ៤២៨ ករណី ស្លាប់ ១០៧ ករណី និងជាសះស្បើយចំនួន ៤ ៧០២ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ freemalaysiatoday, theedgemarkets