ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា មនុស្សនៅទ្វីបអាហ្វ្រិក​ចន្លោះពី ៨៣,០០០ ទៅ ១៩០,០០០នាក់ អាចនឹងស្លាប់ដោយសារវីរុសកូវីដ១៩ ប្រសិនបើការទប់ស្កាត់បរាជ័យ

    BY autoadmin May 8, 2020
    WHO និយាយថា មនុស្សនៅទ្វីបអាហ្វ្រិក​ចន្លោះពី ៨៣,០០០ ទៅ ១៩០,០០០នាក់ អាចនឹងស្លាប់ដោយសារវីរុសកូវីដ១៩ ប្រសិនបើការទប់ស្កាត់បរាជ័យ

    អង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សរហូតដល់ទៅ ១៩០ ០០០ នាក់ នៅទ្វីបអាហ្វ្រិកអាចស្លាប់ដោយសារវីរុស COVID-19 ក្នុងឆ្នាំដំបូងនៃជំងឺរាតត្បាតនេះ ប្រសិនបើវិធានការទប់ស្កាត់បរាជ័យ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះ បានដកស្រង់ការសិក្សាស្រាវជ្រាវថ្មីមួយពីការិយាល័យប្រចាំតំបន់របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលបានរកឃើញថាមនុស្សចន្លោះពី ៨៣ ០០០ ទៅ ១៩០ ០០០ នាក់ អាចស្លាប់ និងពី ២៩ ទៅ ៤៤ លាននាក់ អាចឆ្លងជំងឺក្នុងអំឡុងពេលនេះ។ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្រាវជ្រាវនេះគឺផ្អែកលើគំរូនៃការព្យាករណ៍ និងគ្របដណ្តប់លើប្រទេសចំនួន ៤៧ ដែលមានចំនួនប្រជាជនសរុប ១ ពាន់លាននាក់។

    ក្រុមអ្នកជំនាញបានព្រមានជារឿយៗថា ទ្វីបអាហ្រ្វិកងាយរងគ្រោះដោយសារការផ្ទុះឡើងនៃវីរុស COVID-19 ដោយសារហេដ្ឋារចនាសម្ព័ន្ធសុខភាពខ្សោយ អត្រាភាពក្រីក្រខ្ពស់ ជម្លោះទំនាស់ជាច្រើន និងភាពងាយរងគ្រោះចំពោះរោគរាតត្បាតពីមុនៗ។ ប៉ុន្តែវីរុសនេះមានសភាពយឺតនៅឡើយនៅក្នុងទ្វីបនេះ ហើយក៏មិនទាន់មានការឆ្លងឬការស្លាប់ហក់ឡើងខ្ពស់ដូចនៅអឺរ៉ុប និងកន្លែងផ្សេងទៀតនៅឡើយ។ លោក Matshidiso Moeti នាយក WHO ប្រចាំទ្វីបអាហ្វ្រិកបានមានប្រសាសន៍ថា៖ «ខណៈពេលដែល COVID-19 នឹងមិនរីកសាយភាយក្នុងទ្វីបអាហ្រ្វិកដូចដែលវាមាននៅកន្លែងផ្សេងទៀតលើពិភពលោក យូរទៅវាអាចនឹងក្លាយទៅជាទីតាំងផ្ទុះឡើង»។

    លោក Matshidiso Moeti បានបន្ថែមថា៖ «វីរុស COVID-19 អាចក្លាយជាភាពលំបាកមួយនៅក្នុងជីវិតរបស់យើងជាច្រើនឆ្នាំខាងមុខ លើកលែងតែវិធីសាស្រ្តសកម្មត្រូវបានអនុវត្តដោយរដ្ឋាភិបាលជាច្រើននៅក្នុងតំបន់។ យើងត្រូវមានការតេស្ដ តាមដាន ដាក់ដោយឡែក និងព្យាបាល»។ អង្គការសុខភាពពិភពលោកបាននិយាយថា បណ្តាប្រទេសតូចៗដូចជា៖ អាល់ហ្សេរី អាហ្រ្វិកខាងត្បូង និងកាមេរូន មានហានិភ័យខ្ពស់ជាពិសេសប្រសិនបើវិធានការទប់ស្កាត់មិនមានប្រសិទ្ធិភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: