កងទព័ជើងអាកាសថៃបង្កើតរបាំងពិសេសសម្រាប់ការពារការចម្លងមេរោគកូវីដ ១៩ ដាក់នៅក្នុងរថយន្តតាក់ស៊ី (មានវីដេអូ)
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឲ្យដឹងថា កងទ័ពជើងអាកាសថៃបានបង្ហាញនូវបាំងពិសេសមួយសម្រាប់ប្រើប្រាស់នៅក្នុងរថយន្តតាក់ស៊ី ដើម្បីការពារការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមអ្នកបើកបរតាក់ស៊ី និងអ្នកដំណើរដែលអង្គុយនៅផ្នែកខាងក្រោយ។ បើតាមលោក Kitsom Phankosol អនុប្រធាននាយកដ្ឋានវិស្វកម្មអាកាសចរណ៍ថៃបានឲ្យដឹងថា របាំងពិសេសនេះត្រូវបានរចនាឡើងដោយក្រុមអ្នកជំនាញនៅក្នុងស្ថាប័នកងទ័ពជើងអាកាសសម្រាប់ប្រើប្រាស់ដាក់ខណ្ឌផ្នែកកណ្តាលនៃរថយន្តតាក់ស៊ី ដោយរបាំងមានចន្លោះនៅកណ្តាលមួយដែលអាចឲ្យអ្នកដំណើរហុចលុយទៅម្ចាស់រថយន្តតាក់ស៊ីបាន ហើយរបាំងមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងទប់ស្គាត់ការចម្លងមេរោគពីអ្នកដំណើរទៅកាន់អ្នកបើកបរ ឬពីអ្នកបើកទៅកាន់អ្នកដំណើរវិញ។

លោក Kitsom Phankosol បានបន្តថា របាំងពិសេសនេះត្រូវបានដាក់លក់ក្នុងតម្លៃ ២ ៧០០ បាត (៨៤ ដុល្លារអាមេរិក) ហើយរហូតមកទល់នឹងពេលនេះមានក្រុមហ៊ុនរថយន្តតាក់ស៊ីចំនួន ៥ ហើយ ដែលបានបញ្ជាទិញរបាំងពិសេសនេះយកទៅប្រើប្រាស់។ អាជ្ញាធរសុខាភិបាលថៃបានសម្តែងនូវក្តីសាទរចំពោះសមិទ្ធផលថ្មីមួយនេះនិងបានបង្ហាញនូវក្តីរំពឹងថា របាំងពិសេសនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយទប់ស្កាត់ការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសថៃទាំងមូលផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ២ ៩៩២ ករណី ស្លាប់ ៥៥ ករណី និងជាសះស្បើយចំនួន ២ ៧៧២ ករណីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost