ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមមេធាវីអាមេរិកស្នើឲ្យប្រើឈ្មោះវេជ្ជបណ្ឌិត Li Wenliang ជាឈ្មោះផ្លូវនៅមុខស្ថានទូតចិនក្នុងទឹកដីអាមេរិក ដើម្បីចងចាំវីរៈភាពគាត់ ដែលហ៊ានទាញសញ្ញាអាសន្នពីមេរោគកូវីដ ១៩ មុនគេបង្អស់

    BY autoadmin May 9, 2020
    ក្រុមមេធាវីអាមេរិកស្នើឲ្យប្រើឈ្មោះវេជ្ជបណ្ឌិត Li Wenliang ជាឈ្មោះផ្លូវនៅមុខស្ថានទូតចិនក្នុងទឹកដីអាមេរិក ដើម្បីចងចាំវីរៈភាពគាត់ ដែលហ៊ានទាញសញ្ញាអាសន្នពីមេរោគកូវីដ ១៩ មុនគេបង្អស់

    អាមេរិក៖ ក្រុមមេធាវីអាមេរិកបានជំរុញឲ្យមានការប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត Li Wenliang ដាក់ជាឈ្មោះផ្លូវនៅមុខស្ថានទូតចិនក្នុងទឹកដីអាមេរិក ដើម្បីទុកជាការចងចាំអំពីវីរៈភាពរបស់វេជ្ជបណ្ឌិតចិនរូបនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ សូមរម្លឹកជូនថា លោកវេជ្ជបណ្ឌិត Li Wenliang ធ្លាប់ជាអ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំទៅមន្ទីរពេទ្យក្រុងវូហានប្រទេសចិន ហើយគាត់គឺជាមនុស្សដំបូងបំផុត ដែលហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតនៃមេរោគកូវីដ ១៩។ ភ្លាមៗក្រោយពីការប្រកាសអំពីលទ្ធភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ជាលក្ខណៈសកលនោះ អាជ្ញាធរចិនបានចោទប្រកាន់លោកវេជ្ជបណ្ឌិត Li Wenliang ថាបានចែករំលែកនូ​វព័ត៌មានបំពុលសង្គម ហើយរូបគាត់ថែមទាំងត្រូវរងនូវការពិន័យពីសំណាក់អាជ្ញាធរចិនទៀតផង។

    នៅក្នុងអំឡុងខែកុម្ភៈដែលជាពេលផ្ទុះការរាតត្បាតមេរោគកូវីដ ១៩ខ្លាំងបំផុតនៅក្នុងប្រទេសចិននោះ លោកបណ្ឌិត Li Wenliang បានធ្វើការយ៉ាងសកម្មក្នុងការជួយសង្គ្រោះអ្នកជំងឺ រហូតរូបលោកផ្ទាល់ក៏បានឆ្លងនិងស្លាប់ដោយសារតែមេរោគកូវីដ ១៩ ផងដែរ។ ព្រោះហេតុផលនេះហើយ ទើបក្រុមមេធាវីអាមេរិកចង់ឲ្យគេប្រើប្រាស់ឈ្មោះ “Li Wenliang Plaza” ជាឈ្មោះផ្លូវមួយខ្សែនៅមុខស្ថានទូតចិនក្នុងក្រុងវ៉ាស៊ីនតោន ខណៈដែលបច្ចុប្បន្នផ្លូវមួយខ្សែនេះមានឈ្មោះថា “International Place”។

    សម្រាប់ក្រុមអ្នកវិភាគនយោបាយវិញបានមើលឃើញថា ឥរិយាបថរបស់ក្រុមមេធាវីអាមេរិកបានបញ្ឆេះកំហឹងបន្ថែមទៀតសម្រាប់ប្រទេសចិន ដ្បិតពេលនេះអាមេរិកនិងចិនកំពុងមើលមុខគ្នាមិនត្រង់ស្រាប់ទៅហើយជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមក ថាជាដើមហេតុដែលបង្កឲ្យមានការរាតត្បាតមេរោគកូវីដ ១៩។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានប្រតិកម្មតបយ៉ាងណានៅឡើយទេពីសំណាក់រដ្ឋាភិបាលចិននិងអាមេរិក ជុំវិញករណីដ៏រសើបខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: