ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃផ្ដើមនាំគ្នាបង្កើតទូដាក់អាហារនៅតាមសហគមន៍ ដើម្បីផ្ដល់អាហារជូនជនក្រីក្រដោយមិនគិតថ្លៃ អំឡុងពេលកូវីដ-១៩

    BY autoadmin May 11, 2020
    ពលរដ្ឋថៃផ្ដើមនាំគ្នាបង្កើតទូដាក់អាហារនៅតាមសហគមន៍ ដើម្បីផ្ដល់អាហារជូនជនក្រីក្រដោយមិនគិតថ្លៃ អំឡុងពេលកូវីដ-១៩

    ថៃ៖ ទូដាក់អាហារនៅតាមសហគមន៍ត្រូវបានគេប្រទះឃើញលេចរូបរាងច្រើនឡើងៗនៅក្នុងប្រទេសថៃ ហើយគោលបំណងនៃការបង្កើតទូដាក់អាហារគឺដើម្បីជួយដល់ជនក្រីក្រ ដែលរងផលប៉ះពាល់សេដ្ឋកិច្ច ព្រោះវិបត្តិនៃមេរោគកូវីដ ១៩ អាចទៅយកអាហារនៅក្នុងទូទាំងនោះមកញ៉ាំបានដោយមិនគិតថ្លៃ។ ពាក្យមួយឃ្លាដែលគេច្រើនសរសេរបិទនៅលើទូដាក់អាហារនៅតាមសហគមន៍គឺ “សូមយកអ្វីដែលលោកអ្នកត្រូវការដោយសេរី និងបរិច្ចាគអ្វីដែលលោកអ្នកអាចធ្វើបាននៅទីនេះ”។

    ពាក្យមួយឃ្លានេះចង់ប្រាប់ទៅកាន់សាធារណៈជនថា បើលោកអ្នកគ្មានលុយទិញអាហារ គឺអាចមកយកអាហារនៅក្នុងទូទៅញ៉ាំបាន តែសម្រាប់អ្នកមានលុយវិញអាចចូលរួមជួយសង្គមតាមរយៈការយកអាហារផ្សេងៗទៅដាក់នៅក្នុងទូបានផងដែរ។ សូមបញ្ជាក់ថា ទូដាក់អាហារនៅតាមសហគមន៍ ត្រូវបានផ្តួចផ្ដើមធ្វើឡើងដោយសប្បុរសជនថៃ ដែលមានចិត្តចង់ជួយអ្នកក្រដោយពួគគេបានប្រើប្រាស់លុយផ្ទាល់ខ្លួន ហើយទូទាំងនោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរឬអ្នកណាម្នាក់ឡើយ ពោលគឺក្រោយពេលបង្កើតរួចហើយវាជារបស់សាធារណៈមួយដែលអ្នកណាក៏អាចទៅយកអាហារ ឬដាក់អាហារបន្ថែមនៅក្នុងទូបាន។

    ក្នុងទូដាក់អាហារភាគច្រើនគឺមាន មីកញ្ចប់ ស៊ុត ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ និងអាហារក្រៀមមួយចំនួនទៀត។ សម្រាប់នៅក្នុងប្រទេសថៃគេមិនបានដឹងទេថា អ្នកណាជាអ្នកបង្កើតទូដាក់អាហារនេះដំបូងគេ តែពេលនេះទូដាក់អាហារត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយផ្លូវសំខាន់ៗជាច្រើននៅក្នុងក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួនផងដែរ។ បើតាមអ្នកស្រី Kulwadee ជាសប្បុរសជនថៃម្នាក់ដែលបានបង្កើតទូដាក់អាហារតាមសហគមន៍មួយកន្លែងដែរនោះបានឲ្យដឹងថា ពេលបង្កើតទូដំបូងគាត់ចំណាយលុយទិញអាហារអស់ ២ ២០០ (៦៨,៥ ដុល្លារអាមេរិក) តែគាត់ទទួលបានការបញ្ចុះតម្លៃ ៤០០ បាត (១២,៥ ដុល្លារអាមេរិក) ពីម្ចាស់ហាងលក់ទំនិញពេលគាត់ប្រាប់ថា គាត់នឹងយកអាហារទាំងនេះទៅចែកជូនជនក្រីក្រ។ កន្លងមកទូដាក់អាហារនៅតាមសហគមន៍នេះត្រូវបានប្រទះឃើញដំបូងនៅក្នុងប្រទេសអាមេរិក និងអង់គ្លេស ហើយក្រោយមកប្រទេសជាច្រើនក៏បានយកវប្បធម៌ចែករំលែកដ៏ល្អទៅអនុវត្តតាមជាបន្តបន្ទាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: