ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានពីលទ្ធភាពនៃរលកទី២ ខណៈករណីកូវីដ១៩ បានផ្ទុះឡើងសារជាថ្មីចេញពីក្លឹបរាត្រី
យោងតាមការចុះផ្សាយរបស់ រ៉យទ័រ បានឱ្យដឹងថា កូរ៉េខាងត្បូងបានរាយការណ៍ពីករណីវីរុស COVID-19 ថ្មីចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានការផ្ទុះឡើងតូចមួយនៅតំបន់ក្លឹបរាត្រី ហើយតួលេខថ្មីនេះគឺជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមេសា។ មជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺកូរ៉េ (KCDC) បាននិយាយថា ក្នុងចំណោមករណីថ្មីៗគឺមាន ២៦ករណី ជាការឆ្លងនៅក្នុងស្រុក និង ៨ករណី ជាករណីនាំចូល។ រំលឹកដែរថា កូរ៉េខាងត្បូងជាប្រទេសដែលធ្លាប់បានប្រយុទ្ធប្រឆាំងជាមួយវីរុស COVID-19 បានយ៉ាងល្អបំផុតមួយ ពោលគឺតាំងតែជាប្រទេសមានករណីច្រើនបំផុតនៅក្រៅចិនដីគោក ទៅជាប្រទេសដែលមានករណីប្រចាំថ្ងៃតិចតួចឬសូន្យ។

ការផ្ទុះសារជាថ្មីនេះគឺចេញពីបណ្ដុំក្លឹបរាត្រីនៅទីក្រុងសេអ៊ូល ដោយបុរសម្នាក់មានអាយុខ្ទង់ ២០ឆ្នាំ បានទៅលេងនៅទីនោះ មុនពេលដែលគាត់ត្រូវបានធ្វើតេស្ដវិជ្ជមានជាមួយវីរុស។ មន្រ្តីទីក្រុងសេអ៊ូលនិយាយថា ពួកគេមានបញ្ជីឈ្មោះមនុស្សប្រហែល ១,៥០០ នាក់ ដែលបានទៅលេងនៅទីនោះ ហើយអាជ្ញាធរបានស្នើសុំអ្នកដែលបាននៅទីនោះកាលពីចុងសប្តាហ៍ ត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ និងត្រូវធ្វើតេស្តតាមដានបន្ដ។ ការផ្ទុះឡើងនេះបានកើតឡើង នៅចំពេលដែលប្រទេសកូរ៉េខាងត្បូងបានបន្ធូរបន្ថយការរឹតត្បឹត និងកំពុងស្វែងរកការបើកសាលារៀន និងអាជីវកម្មឡើងវិញ។
ចំពោះបញ្ហានេះប្រធានាធិបតីលោក Moon Jae-in បានព្រមានអំពីរលកថ្មីនៃការផ្ទុះឡើង ដោយនិយាយថាការឆ្លងជាចង្កោមថ្មីៗនេះបានគូសបញ្ជាក់ពីហានិភ័យដែលវីរុស COVID-19 អាចរីករាលដាលយ៉ាងទូលំទូលាយម្តងទៀតនៅពេលណាមួយ។ លោក Moon Jae-in បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅក្នុងថ្ងៃខួប៣ឆ្នាំ ក្រោមការដឹកនាំរបស់គាត់ថា៖ «វាមិនទាន់ចប់ត្រឹមនេះទេ» យើងត្រូវតែប្រយ័ត្នដល់ទីបញ្ចប់ ហើយមិនត្រូវបន្ថយដៃនោះទេ ព្រោះវានឹងមានរយៈពេលយូរទៀតមុនពេលវីរុស COVID-19 ត្រូវបញ្ចប់ទាំងស្រុង៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ