ជប៉ុននឹងអនុម័តឧបករណ៍តេស្ដអង់ទីហ្សែន ដើម្បីរកវីរុសកូវីដ១៩ ជាលើកដំបូងបំផុតរបស់ខ្លួន
មន្ត្រីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះ ជប៉ុននឹងអនុម័តលើឧបករណ៍តេស្ដអង់ទីហ្សែន (Antigen) ដើម្បីតេស្តរកវីរុស COVID-19 នៅថ្ងៃពុធស្អែកនេះ ដើម្បីជំរុញការធ្វើរោគវិនិច្ឆ័យបន្ថែម សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Post។ ឧបករណ៍នេះធ្វើឡើងដោយក្រុមហ៊ុន Fujirebio ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Miraca Holdings ហើយកាលពីខែមុនវាបានដាក់ពាក្យសុំការយល់ព្រមពីរដ្ឋាភិបាលជប៉ុនសម្រាប់ឧបករណ៍អង់ទីហ្សែននេះ។

ឧបករណ៍តេស្ដអង់ទីហ្សែនរកមើលវីរុស COVID-19 នឹងវិភាគរកប្រូតេអ៉ីនដែលអាចរកឃើញនៅពីលើ ឬខាងក្នុងមេរោគ។ ជាធម្មតាវាធ្វើតេស្តពីសំណាក ដែលយកចេញពីច្រមុះដោយប្រើតម្បារ។ ការធ្វើតេស្តអាចរកឃើញវីរុសបានយ៉ាងឆាប់រហ័ស ប៉ុន្តែបង្កើតនូវផលអវិជ្ជមានមិនច្បាស់លាស់ក្នុងអត្រាខ្ពស់ជាង PCR ឬ Polymerase។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រាប់សភាកាលពីថ្ងៃសុក្រថា ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនដែលត្រូវបានអនុម័តនេះ នឹងទំនងជាត្រូវប្រើដើម្បីបំពេញបន្ថែមការធ្វើតេស្ត PCR ៕

អត្ថបទ៖ លីដា
ប្រភព៖ Financial Post