ប្រជាជនប្រមាណ ១១លាននាក់នៅក្នុងទីក្រុងវូហាន នឹងត្រូវធ្វើតេស្ដរកវីរុសកូវីដ១៩សារជាថ្មី បន្ទាប់ពីមានករណីថ្មីៗលេចឡើង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ទីក្រុងវូហានបានបញ្ជាឱ្យមានការធ្វើតេស្តសារជាថ្មី ទៅលើប្រជាជនរបស់ខ្លួនប្រមាណ ១១ លាននាក់ បន្ទាប់ពីទីក្រុងកណ្តាលរបស់ប្រទេសចិន និងជាចំណុចនៃការផ្ទុះឡើងដំបូងនៃវីរុស COVID-19 មួយនេះ បានចាប់ផ្តើមរាយការណ៍ពីការឆ្លងថ្មីៗជាលើកដំបូងចាប់តាំងពីការបិទទ្វារត្រូវបានដកចេញ។

យោងតាមឯកសារពីនាយកដ្ឋានប្រឆាំងជំងឺរបស់ទីក្រុងវូហានបាននិយាយថា ស្រុកទាំងអស់នៅក្នុងទីក្រុងត្រូវរៀបចំឱ្យមានការធ្វើតេស្តគ្រប់ៗគ្នា ក្នុងរយៈពេល ១០ថ្ងៃទៀត ក្រោមបទបញ្ញតិនៃច្បាប់។ ឯកសារនេះត្រូវបានលើកឡើងថា ផែនការគួរតែផ្តល់អាទិភាពដល់ការធ្វើតេស្តក្រុមងាយរងគ្រោះ និងតំបន់ដែលមានមនុស្សកកកុញច្រើន។
យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា ករណីឆ្លងក្នុងស្រុកចំនួន ៦ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១០ និងទី១១ ខែឧសភា ដែលចេញពីក្នុងក្រុមស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក និងក្រុមឆ្លងមិនចេញរោគសញ្ញា (asymptomatic) ។ ករណីទាំង ៦ បានកើតចេញពីបរិវេណលំនៅដ្ឋានតែមួយនៅទីក្រុងវូហាន ហើយជាការឆ្លងថ្មីដំបូងគេដែលរកឃើញនៅក្នុងទីក្រុង ចាប់តាំងពីការបិទទ្វារត្រូវបានដកចេញនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ៕



អត្ថបទ៖ លីដា
ប្រភព៖ Bloomberg