ករណីលោកស័ក្ត៥ រុំ សុវិជ្ជា ផឹកស្រាស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ជេរប្រមាថចាហ្វាយខេត្តកំពង់ធំ ពេលនេះអគ្គស្នងការនគរបាលជាតិ ធ្វើលិខិតទៅដល់សម្តេចក្រឡាហោម ស ខេង ដើម្បីដកដំណែង
ករណីនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត វេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ និងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ពេលនេះត្រូវបាននាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន ធ្វើលិខិតមួយទៅសម្តេចក្រឡាហោម ស ខេង ដើម្បីដកដំណែងចោល។

យោងតាមលិខិតមួយរបស់អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា «ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះវិរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយនគរបាលរូបនេះ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ»។ លើសពីនេះមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំពោះ វិរសេនីយ៍ឯក រុំ សុវិជ្ជា មិនត្រឹមតែផ្អាកការងារបណ្តោះអាសន្ននោះទេ ពេលនេះលោកអគ្គស្នងការនគរបាលជាតិ បានត្រៀមលិខិតមួយផងដែរ ដើម្បីស្នើរទៅកាន់សម្តេចក្រឡាហោម ស ខេង ដកដំណែងលោក វិរសេនីយ៍ឯក រុំ សុវិជ្ជា ចោលតែម្តង៕



