បន្ទាប់ពីអ្នកដំណើររអ៊ូររទាំថាហុយដី និងខ្សាច់ចូលភ្នែកពេក, អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើការបាញ់លាងសម្អាតមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រហើយ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើការបាញ់លាងសម្អាតមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រហើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាជនដែលជាអ្នកដំណើរ និងរស់នៅតាមផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម នាសព្វថ្ងៃនេះ បានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈខ្សាច់ដែលបន្សល់ពីការធ្លាក់កំពប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកជិះម៉ូតូរអិលដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសជាញឹកញាប់ និងឡានដឹកខ្សាច់ដែល ជាឡានធុនធំដឹកជញ្ជូនដីខ្សាច់ចេញពីដេប៉ូខ្សាច់ នៅមាត់ទន្លេបាសាក់ ផ្លូវជាតិលេខ២ ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដែលដឹកចេញចូលបើកឆ្លងកាត់តាមផ្លូវជាតិលេខ២ ដោយមិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវជារៀងរាល់ថ្ងៃរាល់យប់នោះ ។

ដោយមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី អភិបាលរងខណ្ឌមានជ័យ និងលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សហកាជាមួយក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (ក្រុមហ៊ុនជីបម៉ុង) បានចុះធ្វេីការបាញ់លាងសម្អាតមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពានថ្មព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម រហូតដល់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការបាញ់លាងសម្អាតផ្លូវនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអោយដឹងថា ក្រុមហ៊ុនខ្មែរប៊ីវើរីជីស (ក្រុមហ៊ុនជីបម៉ុង) បានអោយរថយន្តសម្អាតផ្លូវចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង និងរថយន្តឈូសដី១គ្រឿង និងមានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញចំនួន២គ្រឿងទៀត មកជួយបាញ់លាងសម្អាតកំណាត់មហាវិថីសម្ដេចតេជោហ៊ុនសែន ឬហៅផ្លូវ៦០ម៉ែត្រនេះ ។
ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្តដឹកដីដែលកំពង់ចរាចរលើកំណាត់ផ្លូវ ៦០ម៉ែត្រ (វិថី សម្តេចតេជោ)ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានត្រឹមត្រូវ ពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត ត្រូវគ្របតង់អោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើអោយខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត