រន្ធត់ណាស់! បុរសស្បែកខ្មៅម្នាក់បានស្លាប់ ក្រោយត្រូវប៉ូលីសអាមេរិកសង្កត់កដាក់ខ្នោះ ទោះបីគាត់ប្រឹងអង្វរសុំដកដង្ហើមបន្តិចក៏មិនបាន
អាមេរិក៖ បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់ត្រូវបានប៉ូលិសចាប់ផ្តួលទៅលើដី និងយកជង្គង់ទៅសង្កត់លើករបស់គាត់ដើម្បីដាក់ខ្នោះ។ បើតាមសារព័ត៌មាន blackchristiannews បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ខណៈអត្ថសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា បុរសស្បែកខ្មៅដែលជាជនរងគ្រោះទំនងជាមានអាយុជាង ៤០ សិបឆ្នាំ ហើយការឃាត់ខ្លួនរូបគាត់ត្រូវបានធ្វើឡើងព្រោះខាងប៉ូលិសបានមើលឃើញថា នៅក្នុងរថយន្តរបស់គាត់មានដឹកបុរសម្នាក់ដែលមានមុខមាត់ដូចជនសង្ស័យដែលប៉ូលិសកំពុងតាមចាប់ខ្លួន។

យ៉ាងណាក្តី ពេលប៉ូលិសឃាត់រថយន្តរបស់គាត់ បុរសជាជនរងគ្រោះមិនព្រមចុះពីលើរថយន្តតាមសម្រួលឡើយ ដោយគាត់បានអះអាងថា គាត់មិនបានធ្វើអ្វីខុសនោះទេហើយគាត់ពិតជាប្រញាប់ធ្វើដំណើរទៅមុខទៀតជាចាំបាច់។ ព្រោះតែគាត់មិនព្រមធ្វើតាមការស្នើសុំរបស់ប៉ូលិស ទើបប៉ូលិសសម្រេចចាប់អូសគាត់ចេញពីរថយន្ត ផ្ដួលទៅលើដី និងយកជង្គង់ទៅសង្កត់ចំករបស់គាត់ប្រមាណជា ៦ នាទី ដើម្បីដាក់ខ្នោះគាត់ ហើយពេលនោះជនរងគ្រោះបានសន្លប់បាត់ស្មារតីនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។
ក្នុងពេលល្ងាចនៃថ្ងៃកើតហេតុនោះខាងប៉ូលិសបានប្រកាសថា បុរសជនគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ខណៈខាងមន្ទីរពេទ្យបានអះអាងថា ជនរងគ្រោះមានជំងឺប្រចាំកាយកម្រិតធ្ងន់រួចទៅហើយមុនពេលពេលប៉ូលិសចាប់ខ្លួននិងបញ្ជូនទៅដល់មន្ទីរពេទ្យ។ យ៉ាងណាក្តី បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា បុរសជនងគ្រោះបានថប់ដង្ហើមស្លាប់តាំងពីនៅកន្លែងកើតហេតុម្លះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ blackchristiannews