អង្គការសុខភាពពិភពលោកបានបង្កើតមូលនិធិ សម្រាប់ទប់ទល់វីរុសកូវីដ១៩ និងជំងឺរាតត្បាតផ្សេងៗ
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនបានបង្កើតមូលនិធិមួយដើម្បីរៃអង្គាសប្រាក់សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងជំងឺរាតត្បាតផ្សេងៗទៀត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសនៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ ដោយនិយាយថា អង្គការសុខភាពពិភពលោកពឹងផ្អែកលើការចូលរួមវិភាគទានស្ម័គ្រចិត្តពីរដ្ឋជាសមាជិករបស់ខ្លួន និងម្ចាស់ជំនួយផ្សេងទៀតសម្រាប់ជាង ៨០% នៃមូលនិធិសរុបរបស់ខ្លួន។ លោកក៏បាននិយាយផងដែរថា មូលនិធិទាំងនោះជាធម្មតាត្រូវបានកំណត់យ៉ាងតឹងរឹងសម្រាប់កម្មវិធីជាក់លាក់ ហើយនោះមានន័យថាអង្គការមិនមែនជាអ្នកចាត់ចែងទាំងស្រុងលើទឹកប្រាក់ទាំងនោះទេ។

លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា៖«ផ្នែកសំខាន់មួយនៃភាពជោគជ័យនាពេលអនាគតរបស់អង្គការសុខភាពពិភពលោក គឺការពង្រីកទាំងបរិមាណនិងគុណភាពនៃមូលនិធិសម្រាប់ទប់ទល់ហានិភ័យ»។ លោកបានមានប្រសាសន៍ថា មូលនិធិនេះគឺដើម្បីបង្កើតជាមធ្យោបាយក្នុងការរៃអង្គាសប្រាក់ពីពលរដ្ឋនៅជុំវិញពិភពលោកក៏ដូចជារដ្ឋជាសមាជិករបស់ខ្លួន។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ការសម្រេចរបស់សហរដ្ឋអាមេរិកដែលឈប់ផ្ដល់ជំនួយដល់ WHO មិនមែនជាមូលហេតុដែល WHO បង្កើតមូលនិធិនេះទេ ព្រោះពួកគេបានគិតពីការបង្កើតមូលនិធិនេះប៉ុន្មានឆ្នាំមកហើយ។ សរុបមកវិញ WHO និយាយថា ខ្លួនត្រូវការថវិកាចំនួន ១.៣ ពាន់លានដុល្លារ បន្ថែមទៀតនៅចុងឆ្នាំនេះដើម្បីដោះស្រាយបញ្ហាវីរុស COVID-19 នេះ។


អត្ថបទ៖ លីដា
ប្រភព៖ NHK