ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករហុងកុងជាង ៣០០នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ជុំវិញការប្រមូលផ្ដុំគ្នាប្រឆាំងនឹងច្បាប់ភ្លេងជាតិប្រទេសចិន

    BY autoadmin May 28, 2020
    បាតុករហុងកុងជាង ៣០០នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ជុំវិញការប្រមូលផ្ដុំគ្នាប្រឆាំងនឹងច្បាប់ភ្លេងជាតិប្រទេសចិន

    មនុស្សជាង ១,០០០ នាក់ បានធ្វើបាតុកម្មនៅទីក្រុងហុងកុងកាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងច្បាប់ស្ដីពីភ្លេងជាតិប្រទេសចិន ហើយវាជាច្បាប់ថ្មីមួយទៀតបន្ថែមពីលើច្បាប់សន្តិសុខជាតិ ដែលកំពុងបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងទីក្រុងនេះស្រាប់។ ប្រសិនបើច្បាប់ភ្លេងជាតិប្រទេសចិនត្រូវបានអនុម័តដោយអង្គនីតិបញ្ញត្តិ នោះការបំពានភ្លេងជាតិរបស់ចិននឹងក្លាយជាបទឧក្រិដ្ឋសម្រាប់ហុងកុង។

    នៅក្នុងហេតុការណ៍នោះប៉ូលីសបានបាញ់ម្សៅម្រេចជាច្រើន ដើម្បីបំបែកក្រុមបាតុករនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល ខណៈពេលដែលនៅតំបន់ Causeway Bay មានមនុស្សប្រមាណ ១០០នាក់ ត្រូវបានឃាត់ខ្លួន។ ប្រជាជនក៏បានប្រមូលផ្ដុំគ្នានៅសង្កាត់ Mong Kok ដោយបិទផ្លូវ និងធ្វើឱ្យស្ទះចរាចរណ៍។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៣០០នាក់ ពីទីតាំងផ្សេងៗគ្នានៅហុងកុង សម្រាប់បទល្មើសរួមមាន៖ ការប្រមូលផ្តុំដោយខុសច្បាប់ ការប្រើប្រាស់គ្រាប់បែកសាំង មួកសុវត្ថភាពនិងម៉ាស់ ឬការបើកបរយឺតៗ ដោយមានគោលបំណងធ្វើឱ្យកកស្ទះចរាចរណ៍។

    ប្រភពបាននិយាយថា ក្រុមអ្នកតវ៉ាឡោមព័ទ្ធជុំវិញការិយាល័យក្រុមប្រឹក្សានីតិបញ្ញតិ្ត ក្នុងគោលបំណងដើម្បីរំខានដល់ការពិនិត្យច្បាប់ភ្លេងជាតិចិន ដែលគ្រោងនឹងអនុម័តនៅសប្ដាហ៍ក្រោយនេះ។ ច្បាប់នេះមានន័យថា នឹងដាក់ទណ្ឌកម្មចំពោះការ​ហ៊ាន​ជេរ​ប្រមាថ​ ឬមាក់​ងាយ​​ភ្លេងជាតិចិន ក៏ដូចជាច្រៀងក្នុងរបៀបជាការមើលងាយ ឬលេងសើចជាមួយភ្លេងជាតិចិន -ល- ។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមារយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៥ ម៉ឺនដុល្លារហុងកុង (ប្រហែល ៦,៤០០ ដុល្លារអាមេរិក) ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: