ស្ត្រីខ្មែរម្នាក់ធ្លាក់ពីលើអគារជាន់ទី៤ ស្លាប់នៅទីក្រុងបាងកក
ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់ដែលមានវ័យជាង៤០ឆ្នាំ និងជាពលករបម្រើការងារនៅទីក្រុងបាងកកប្រទេសថៃ បានស្លាប់យ៉ាងអាណោចអាធ័មនិងប្រកបដោយភាពសោកសង្រែងជាទីបំផុតខណៈដែលស្ត្រីរូបនេះបានឡើងទៅលើអគារជាន់ទី៤ដែលគេកំពុងកសាងដើម្បីធ្វើការសម្អាតហើយក៏បានភ្លាត់ជើងធ្លាក់មកដីតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតំបន់រ៉ាមខាំហែង ដែលជាកន្លែងកំពុងសាងសង់អគារកំពស់៧ជាន់ ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤និង២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃធ្វើអោយមានការភ្ញាក់ផ្អើលដោយមានសម្លេងស្រែកទ្រហ៊ោរយំឡើងកងរំពងថែមទៀតផងពីសំណាក់កូនៗ របស់ស្ត្រីរងគ្រោះ។
យោងតាមរបាយការណ៍ពីភាគីថៃដែលហើយទទួលបានគឺ នៅមុនពេលកើតហេតុគឺមានស្ត្រីម្នាក់ជាពលករខ្មែរឈ្មោះ ឆោន ប៉ោច អាយុ៤២ឆ្នាំ រស់នៅភូមិខ្ចឹង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឡើងទៅលើអគារជាន់ទី៤ ដើម្បីធ្វើការសម្អាតដោយសារតែអគារនេះកំពុងសាងសង់។
ភ្លាមៗនោះដែរ ទំនងជាស្ត្រីរូបនេះមានការរអិលភ្លាត់ជើង ទើបធ្វើអោយរាងកាយរបស់គាត់ធ្លាក់មកដីតែម្តង ហើយបានប៉ះទង្គិចជាមួយនឹងគ្រោងដែកដែលនៅខាងក្រោមបន្ថែមទៀតបណ្តាលអោយបែកក្បាល ឈាមហូរជោកប្រាណទើបមានការភ្ញាក់ផ្អើល ដោយពលករដែលនៅទីនោះបាននាំគ្នាសែងយកមកដាក់នៅលើគ្រែដើម្បីអោយមន្ត្រីជំនាញចុះទៅពិនិត្យ ក្រោមសម្រែកទ្រហ៊ោរយំយ៉ាងសោកសង្រែងពីសំណាក់កូនៗ។
នៅក្នុងឱកាសនោះដែរគេសង្កេតឃើញថាមន្ត្រីនៅក្នុងស្ថានទូតកម្ពុជា ដែលប្រចាំនៅក្នុងប្រទេសថៃ បានអញ្ជើញចុះទៅចូលជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងបានរៀបចំជួយសម្រួលដើម្បីអោយកូនៗបាននាំសពយកទៅកាន់ស្រុកកំណើតវិញនិងដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកខ្មែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

