ថៃអះអាងថា អាជីវកម្មប្រើសត្វស្វាឲ្យឡើងបេះផ្លែដូងជំនួសមនុស្សមិនមែនជាការបំពានសិទ្ធិសត្វឡើយ
ថៃ៖ ក្រសួងពាណិជ្ជកម្មថៃបានអះអាងថា អាជីវកម្មដែលគេបានប្រើប្រាស់សត្វស្វាឲ្យឡើងបេះផ្លែដូងជំនួសមនុស្សនោះគឺមិនមែនជារឿងខុសឆ្គងនិងជាសកម្មភាពបំពានទៅលើសិទ្ធរបស់សត្វឡើយ។ ការអាះអាងដូចនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិជាច្រើនរូបបានធ្វើការចោទប្រកាន់ថា អាជីវកម្មដែលពលរដ្ឋថៃបានប្រើសត្វស្វាឲ្យឡើងបេះផ្លែដូងនោះគឺជាការរំលោភបំពានសិទ្ធិរបស់សត្វស្វាយ៉ាងខ្លាំង។

បើតាមលោក Boonyarit Kalayanamit រដ្ឋលេខាធិការអចិន្ត្រៃនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា អាជីវកម្មមួយនេះបានកើតមាននៅក្នុងប្រទេសថៃយូរមកហើយ គ្រាន់តែក្រុមសកម្មជនបរទេសមិនដែលបានឃើញនឹងដឹងពីវាច្បាស់ប៉ុណ្ណោះ។ លោកបានបន្តថា មុននឹងប្រើប្រាស់សត្វស្វាឲ្យឡើងបេះផ្លែដូង សត្វស្វាទាំងអស់ត្រូវបានគេយកទៅចិញ្ចឹមនិងបង្ហាត់ដោយយកចិត្តដាក់បំផុតនៅក្នុងសាលាបង្វឹកសត្វ ហើយស្វាណាដែលមានសុខភាពល្អទើបគេយកទៅប្រើហើយការប្រើសត្វស្វានោះទៀតសោធគឺមិនឲ្យលើសពីកម្លាំងរបស់វានោះទេ។
លោក Boonyarit Kalayanamit ក៏ចង់អញ្ចើញក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិនិងឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃឲ្យទៅពិនិត្យមើលដោយផ្ទាល់នៅចំការដូងនិងសាលាបង្វឹកសត្វស្វាផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់ឈប់គិតថា ពលរដ្ឋថៃកំពុងបំពានសិទ្ធរបស់សត្វស្វា។ សូមបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយដែលម្ចាស់ចំការដូចនៅក្នុងប្រទេសថៃតែងជួលសត្វស្វាឲ្យឡើងបេះផ្លែដូងដូចនេះដោយសត្វស្វាឈ្មោលមួយក្បាលអាចបេះផ្លែដូងបានប្រមាណជា ១ ០០០ ផ្លែនៅក្នុងមួយថ្ងៃខណៈមនុស្សអាចឡើងបេះផ្លែដូងបានត្រឹម ៨០ ផ្លែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ហើយសម្រាប់តម្លៃជួលវិញគឺម្ចាស់ស្វានឹងទទួលបានប្រាក់ចំនួន ២ បាត (ប្រមាណជា ២៦០ រៀល) សម្រាប់ការបេះផ្លែដូងបានមួយផ្លែ៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost