ប៉ូលិសថៃបើកការស៊ើបអង្កេតទ្រង់ទ្រាយធំតាមចាប់ខ្លួនបុរសម្នាក់ ដែលហ៊ានចូលទៅចាប់រំលោភ គិលានុបដ្ឋាយិកា កំពុងយាមយប់ ដល់ក្នុងមន្ទីរពេទ្យ តែមិនបានសម្រេច
ថៃ៖ ប៉ូលិសថៃកំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនិងជាលក្ខណៈពិសេសមួយដើម្បីតាមចាប់ខ្លួនបុរសម្នាក់ដែលបានដើរចូលក្នុងមន្ទីរពេទ្យនិងប៉ុនប៉ងចាប់រំលោភគិលានុបដ្ឋាយិកា ម្នាក់កំពុងប្រចាំការនៅក្នុងមន្ទីរពេទ្យ។ បើយោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ ទៀបភ្លឺកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងមន្ទីរពេទ្យ Phu Pha Man ស្ថិតនៅក្នុងខេត្ត Khon Kaen ភាគខាងជើងនៃប្រទេសថៃ។

បើតាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យបានបង្ហាញថា បុរសជាជនសង្ស័យមានកម្ពស់ប្រហែលពី ១,៧៥ ទៅ ១,៨០ ម៉ែត្រ ស្លៀកខោកីឡាជើងខ្លី អត់ពាក់ស្បែកជើង និងបានដោះអាវយកមកគ្របមុខ ពេលដើរចូលទៅក្នុងមន្ទីរពេទ្យ។
ប្រភពខាងលើបានបន្តថា បន្ទាប់ពីបានដើរចូលទៅដល់ក្នុងមន្ទីរពេទ្យ ជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់របស់គិលានុបដ្ឋាយិកាម្នាក់និងបានធ្វើសកម្មភាពចាប់រំលោភគិលានុបដ្ឋាយិកានោះយ៉ាងកំរោលតែម្តង។ យ៉ាងណាក្តី ក្នុងអំឡុងពេលធ្វើសកម្មភាពចាប់រំលោភនោះ គិលានុបដ្ឋាយិកាដែលជាជនរងគ្រោះបានស្រែកឲ្យគេជួយ ហើយបន្តិចក្រោយមក គិលានុបដ្ឋាយិកា មួយចំនួនទៀតក៏បានរត់មកដល់និងបានជួយរុញបុរសនោះចេញពី គិលានុបដ្ឋាយិការងគ្រោះ ហើយជនសង្ស័យក៏បានរត់ចេញពីមន្ទីរពេទ្យតែម្តងដោយមិនទាន់ធ្វើសកម្មភាពចាប់រំលោភបានសម្រេចនៅឡើយទេ។ សម្រាប់ប៉ូលិសថៃបានចាត់ទុកករណីនេះជាករណីដ៏គឃ្លើនបំផុតមួយហើយប៉ូលិសនឹងតាមចាប់ខ្លួនជនសង្ស័យឲ្យទាល់តែបាន ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចំពោះក្រុមគិលានុបដ្ឋាយិកាដែលត្រូវប្រចាំការនៅក្នុងមន្ទីរពេទ្យនៅពេលយប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost