ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កំពុងរង់ចាំលទ្ធផលតេស្ដរកជំងឺកូវីដ១៩ ជាលើកទី៤ បន្ទាប់ពីបានចេញរោគសញ្ញាមិនស្រួល

    BY autoadmin July 7, 2020
    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កំពុងរង់ចាំលទ្ធផលតេស្ដរកជំងឺកូវីដ១៩ ជាលើកទី៤ បន្ទាប់ពីបានចេញរោគសញ្ញាមិនស្រួល

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃច័ន្ទ បានធ្វើតេស្តជាលើកទី៤ សម្រាប់ជំងឺ COVID-19 និងថតកាំរស្មី X ដើម្បីពិនិត្យសួតរបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លទ្ធផលតេស្តនឹងចេញនៅរសៀលថ្ងៃអង្គារនេះ ខណៈលោក Jair Bolsonaro បានប្រាប់អ្នកគាំទ្ររបស់លោកថា “អ្វីៗគឺល្អ” ធម្មតានោះទេ។ លោកប្រធានាធិបតីបាននិយាយថា រាល់លទ្ធផលនៃការធ្វើតេស្ដពីមុនៗ គឺគាត់អវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកឡើយ។

    កាលពីថ្ងៃសៅរ៍ លោក Jair Bolsonaro បានប្រើសិទ្ធិវេតូ (presidential veto) ក្នុងនាមជាប្រធានាធិបតីរបស់គាត់ ដើម្បីប្រឆាំងផ្នែកខ្លះនៃច្បាប់ជាតិ ដែលតម្រូវឱ្យមានការប្រើម៉ាស់នៅកន្លែងការដឹកជញ្ជូនសាធារណៈ កន្លែងធ្វើពាណិជ្ជកម្ម និងកន្លែងសាសនា និងទីសាធារណៈ។ លើសពីនេះទៀតលោក Jair Bolsonaro បាននិយាយជាសាធារណៈប្រឆាំងនឹងវិធានការដាក់ដាច់ដោយឡែក និងបានព្យាយាមលុបបំបាត់វិធានការណ៍ ដែលបានអនុវត្តដោយរដ្ឋាភិបាលក្នុងរដ្ឋនិងក្រុង ដោយលើកឡើងពីផលប៉ះពាល់លើសេដ្ឋកិច្ច។

    យ៉ាងណាក៏ដោយគាត់ត្រូវបានរារាំងដោយសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបាននិយាយថារដ្ឋាភិបាលក្នុងតំបន់អាចបង្កើតបទប្បញ្ញត្តិការដាក់ដាច់ដោយឡែក និងការរក្សាគម្លាត ទោះបីជាមានសកម្មភាពរបស់រដ្ឋាភិបាលសហព័ន្ធក៏ដោយ។ គួឱ្យដឹងដែរថាប្រេស៊ីលជាប្រទេសមានការឆ្លងជំងឺ COVID-19 ខ្លាំងជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសអាមេរិក។ ចំនួនអ្នកស្លាប់ក្នុងប្រទេសមានលើសពី ៦៥,០០០ នាក់ និងមានអ្នកឆ្លង ១,៦២៣,២៨៤ នាក់ គិតត្រឹមថ្ងៃច័ន្ទ៕

    អត្ថបទ៖ លីដា
    ប្រភព ស៉ីនហួរ

    Share This Post: