ទីក្រុងមែលប៊នត្រូវបិទទ្វារឡើងវិញរយៈពេល ៦សប្ដាហ៍ បន្ទាប់ពីមានករណីកូវីដ១៩ ថ្មីៗបានកើនឡើង
នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរបានចេញបទបញ្ជាស្នាក់នៅផ្ទះរយៈពេល ៦សប្តាហ៍ សម្រាប់ទីក្រុងមែលប៊ន ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសអូស្ដ្រាលី។ ការបិទទ្វារទីក្រុងនេះបានកើតឡើងមិនប៉ុន្មានម៉ោង បន្ទាប់ពីព្រំដែនរវាងរដ្ឋ Victoria និងរដ្ឋ New South Wales (NSW) ត្រូវបានប្រកាសថាបិទ ហើយការបិទព្រំដែនរវាងរដ្ឋទាំង ២ ជាការបិទទ្វារមិនធ្លាប់មានពីមុនក្នុងរយៈពេល ១០០ឆ្នាំ ចុងក្រោយនេះ។

ចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ អ្នករស់នៅទីក្រុងមែលប៊នទាំងអស់ចំនួន ៤.៩ លាននាក់ នឹងត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែកន្លែងធ្វើការ ការសិក្សា ទិញឥវ៉ាន់ ទិញម្ហូបអាហារ ឬការណាត់ជួបវេជ្ជសាស្ត្រ សម្រាប់រយៈពេល៦សប្ដាហ៍ មានន័យថាកិច្ចការមិនចាំបាច់គឺមិនត្រូវចេញក្រៅទេ។ កាលពីចុងសប្តាហ៍លោក Daniel Andrews ក៏បានបញ្ជាឱ្យមានការរក្សាគម្លាតនៅឯជាយក្រុងមែលប៊នជាង ៣០កន្លែង និងប៉មអគារសាធារណៈចំនួន៩ត្រូវបិទ។ លោកក៏បានបន្ថែមដែរថា ទីក្រុងនេះមិនទាន់មានវិបត្តិសេដ្ឋកិច្ចណាស់ណាទេ ប៉ុន្តែបើជំងឺមិនត្រូវបានគ្រប់គ្រងទេនោះ មនុស្សរាប់ពាន់នាក់នឹងត្រូវស្លាប់ដោយសារវា៕


អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle