អង្គការសុខភាពពិភពលោកនិយាយថា នឹងបញ្ជូនអ្នកជំនាញទៅសិក្សាពីប្រភពជំងឺទីក្រុងវូហាននៅចុងសប្ដាហ៍នេះ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញមកពីស្ថាប័នពិភពលោកមួយនេះនឹងធ្វើដំណើរទៅប្រទេសចិននៅចុងសប្តាហ៍នេះ ដើម្បីរៀបចំការសិក្សាអំពីប្រភពដើមនៃជំងឺ COVID-19 និងរបៀបដែលវាឆ្លងចេញពីសត្វមកមនុស្ស ហើយកន្លែងដែលអ្នកជំនាញទៅសិក្សាមុនគេគឺទីក្រុងវូហាន។

វេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖«កន្លែងដែលល្អបំផុតដើម្បីចាប់ផ្តើម គឺកន្លែងដែលជំងឺនេះលេចចេញមកលើមនុស្សមុនគេ ហើយកន្លែងដែលជំងឺបានលេចចេញមកលើមនុស្សមុនគេ ជាកន្លែងដែលមានការផ្ទុះឡើងនៃជំងឺរលាកសួត នោះគឺក្រុងវូហាន»។
គួរឱ្យដឹងដែរថា WHO បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិកនិងអ្នកផ្សេងទៀត ដែលបានចោទប្រកាន់ថាលាក់ការសម្ងាត់ និងឆ្លើយតបយឺតចំពោះការផ្ទុះឡើង ដែលបានកើតឡើងនៅកណ្តាលទីក្រុងវូហានកាលពីចុងឆ្នាំមុន ប៉ុន្តែប្រទេសចិនបាននិយាយថា ខ្លួនច្បាស់លាស់គ្រប់ដំណាក់កាលដំបូងនៃជំងឺរាតត្បាត៕



អត្ថបទ៖ លីដា
ប្រភព៖ Asia Nikkei