លោក Trump ចង់ឲ្យបើកសាលារៀនជាធម្មតាវិញ ទោះមិនទាន់រកឃើញវ៉ាក់សាំងកូវីដ១៩ និងស្របពេលតួលេខអ្នកជំងឺកូវីដ ១៩ កើនឡើងជាង ៣ លានករណីក៏ដោយ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានថ្លែងថា លោកនឹងជំរុញឲ្យមានការបើកសាលារៀនយ៉ាងពេញលេញឡើងវិញ ដែលការថ្លែងដូចនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងស្របពេលដែលតួលេខអ្នកជំងឺកូវីដ ១៩ នៅអាមេរិកបានកើនឡើងជា ៣ លានករណី។ បើតាមប្រមុខដឹកនាំរបស់សហរដ្ឋអាមេរិករូបនេះបានលើកឡើងថា ការបើកសាលារៀនឡើងវិញគឺជារឿងចាំបាច់មួយ ហើយបើទោះជាគេមិនទាន់រកឃើញវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ ក៏ពិតមែន តែគេបានមើលឃើញថាសាលារៀននៅតាមបណ្តាលប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប បានបើកដំណើរការរួចហើយនិងគ្មានបញ្ហាធំដុំកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

ម្យ៉ាងទៀតអាមេរិកគិតថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានឡើងដល់ចំណុចកំពូលរួចហើយ ខណៈគេជឿថាតួលេខអ្នកឆ្លងថ្មីនឹងមិនហក់ឡើងខ្លាំងទៀតទេ។ គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះអាមេរិកគឺជាប្រទេសទីមួយនៅលើពិភពលោកដែលមានអ្នកជំងឺកូវីដ ១៩ច្រើននជាងគេ ហើយបណ្តារដ្ឋនិងក្រុងសំខាន់ៗនៅក្នុងប្រទេសមួយនេះសុទ្ធតែទទួលរងនូវការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរបំផុតដោយវិបត្តិនៃជំងឺកូវីដ ១៩។ គិតត្រឹមថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ អាមេរិកមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣,២៩១,៨៦០ ករណី និងស្លាប់ចំនួន ១៣៦,៦៧១ ករណីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost