ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គព្រះរាជអាជ្ញារដ្ឋកាលីហ្វ័រញ៉ា​ នឹងដាក់ពាក្យបណ្តឹងប្រឆាំងការសម្រេចរបស់លោក​ ដូណាល់​ ត្រាំ ជុំវិញការមិនចេញទិដ្ឋាការឱ្យនិស្សិតអន្តរជាតិ​

    BY autoadmin July 10, 2020
    អគ្គព្រះរាជអាជ្ញារដ្ឋកាលីហ្វ័រញ៉ា​ នឹងដាក់ពាក្យបណ្តឹងប្រឆាំងការសម្រេចរបស់លោក​ ដូណាល់​ ត្រាំ ជុំវិញការមិនចេញទិដ្ឋាការឱ្យនិស្សិតអន្តរជាតិ​

    អគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ានឹងដាក់ពាក្យបណ្តឹងនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីស្វះស្វែងរារាំងច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលអាចបង្ខំឱ្យនិស្សិតអន្តរជាតិរាប់ម៉ឺននាក់ត្រូវចាកចេញពីសហរដ្ឋអាមេរិក ប្រសិនបើគ្រប់មុខវិជ្ជានៅសាលារៀនរបស់ពួកគេត្រូវរៀនតាមអនឡាញ ខណៈការរៀនតាមប្រព័ន្ធអ៊ីនធឺណេតនេះ គឺជាចំណាត់ការសាលាដើម្បីទប់ទល់ការឆ្លងជំងឺ​ COVID-19 ។ អគ្គមេធាវីលោក Xavier Becerra បាននិយាយថា ច្បាប់ថ្មីនេះអាចបង្ខំនិស្សិតអន្តរជាតិប្រឈមហានិភ័យមិនថាទាំងខ្លួនឯង ឬទៅកាន់អ្នកផ្សេង ដោយសារការចូលរៀនដោយផ្ទាល់នៅអំឡុងពេលនេះ។

    សេចក្តីប្រកាសស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយអាមេរិក (ICE) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងមិនចេញទិដ្ឋាការឱ្យសិស្សមួយចំនួន ដែលថ្នាក់រៀនរបស់ពួកគេត្រូវរៀនគ្រប់មុខវិជ្ជាតាមអ៊ីនធឺណេតនៅរដូវស្លឹកឈើជ្រុះខាងមុខនោះទេ។ សាកលវិទ្យាល័យហាវ៉ាដ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត ក៏បានដាក់ពាក្យបណ្តឹងលើច្បាប់ថ្មីនេះកាលពីថ្ងៃពុធ ដោយលើកហេតុផលថាច្បាប់ថ្មីនេះមិនយល់ពីសុខភាពរបស់និស្សិត និងមហាវិទ្យាល័យ ហើយនឹងបង្កភាពវឹកវរនៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានាទូទាំងប្រទេស។

    សាកលវិទ្យាល័យកាលីហ្វ័រញ៉ាក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនគ្រោងនឹងប្តឹងប្រឆាំងគោលនយោបាយថ្មីរបស់រដ្ឋបាលលោក ដូណាល់​ ត្រាំ ដូចគ្នាផងដែរ។ គួរឱ្យដឹងដែរថារដ្ឋកាលីហ្វ័រញ៉ាមាននិស្សិតអន្តរជាតិជិត ១៦២,០០០ នាក់ នៅក្នុងឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងវិទ្យាស្ថានអប់រំអន្តរជាតិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: