ស្ថានទូតចិនប្រចាំកាហ្សាក់ស្ថាន រាយការណ៍ពីជំងឺរលាកសួតចម្លែកថ្មីមួយ កាចសាហាវជាងកូវីដ១៩ទៅទៀត បានសម្លាប់ពលរដ្ឋនៅតំបន់កាហ្សាក់ស្ថានជិត ១,៨០០នាក់
យោងតាមការចុះផ្សាយលើសារព័ត៌មាន South China Morning Post បានឲ្យដឹងថាស្ថានទូតចិនប្រចាំកាហ្សាក់ស្ថានបានបញ្ជាក់ថា ជំងឺរលាកសួតយ៉ាងចម្លែកថ្មីមួយ កំពុងឆ្លងដល់មនុស្សរាប់រយនាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយវាត្រូវបានគេរាយការណ៍ថា មានភាពសាហាវជាងជំងឺ COVID-19 ។ ស្ថានទូតចិនបាននិយាយថា មន្ទីរសុខាភិបាលរបស់ប្រទេសកាហ្សាក់ស្ថាន កំពុងធ្វើការស្រាវជ្រាវប្រៀបធៀបទៅនឹងវីរុសរលាកសួត ប៉ុន្តែមិនទាន់បានកំណត់អត្តសញ្ញាណវីរុសនេះនៅឡើយទេ។ វាមិនច្បាស់ទេថា ហេតុអ្វីស្ថានទូតចិនបានពិពណ៌នាអំពីជំងឺនេះថាជា “ជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ” ឬព័ត៌មានអំពីបញ្ហានេះ ប៉ុន្តែមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានលើកឡើងថាវាជាជំងឺរលាកសួត។

យោងតាមគេហទំព័ររបស់ស្ថានទូតចិន តំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់គឺនៅក្នុងខេត្ត Atyrau និង Aktobe និងទីក្រុង Shymkent ខណៈតំបន់ទាំង ៣ នេះមានចម្ងាយឆ្ងាយពីគ្នារាប់រយ រាប់ពាន់គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះមានករណីជំងឺរលាកសួតប្រហែល ៥០០ ករណី នៅក្នុងកន្លែងទាំង ៣ ដែលមានអ្នកជំងឺជាង ៣០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីនេះប្រទេសកាហ្សាក់ស្ថានទាំងមូលបានរាយការណ៍ថា មានមនុស្សស្លាប់ ១,៧៧២ នាក់ ដោយសារជំងឺរលាកសួតចាបតាំងពីដើមឆ្នាំ២០២០ ដែលក្នុងនោះមាន ៦២៨ករណី ត្រូវបានកត់ត្រានៅក្នុងខែមិថុនា រួមទាំងជនជាតិចិនមួយចំនួនផងដែរ។
ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ស្ថានទូតចិនប្រចាំនៅកាហ្សាក់ស្ថានសូមរំលឹកជនជាតិចិនដែលនៅទីនេះឱ្យដឹងអំពីស្ថានភាព និងបង្កើនការការពារ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង»។ លោកស្រី Saule Kisikova ប្រធានផ្នែកថែទាំសុខភាពនៅរដ្ឋធានី Nur-Sultan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kazinform ថា ជារៀងរាល់ថ្ងៃមានមនុស្សយ៉ាងហោចណាស់ ៣៥០ ទៅ ៤០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយពួកគេទាំងនោះបើមិនកើតជំងឺ COVID-19 គឺមានជំងឺសួតចម្លែកនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ South China Morning Post