អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួន ១០៥គ្រឿង មានតម្លៃជាង ២៣ពាន់លានដុល្លារ ទៅឱ្យប្រទេសជប៉ុន
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រម លើការលក់យន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35 ចំនួន ១០៥គ្រឿង ដល់ប្រទេសជប៉ុន។ នាយកដ្ឋានបានជូនដំណឹងដល់សភាកាលពីថ្ងៃព្រហស្បតិ៍អំពីការសម្រេចចិត្តរបស់ខ្លួន លើកិច្ចព្រមព្រៀងដែលមានតម្លៃ ២៣.១ ពាន់លានដុល្លារ សម្រាប់យន្តហោះ F-35A ចំនួន ៦៣គ្រឿង និងយន្តហោះ F-35B ចំនួន ៤២គ្រឿង។

កម្លាំងស្វ័យការពារអាកាសរបស់ជប៉ុនធ្លាប់បានប្រតិបត្តិការរួចហើយ ចំពោះយន្តហោះហោះឡើង និងចុះចតធម្មតា F-35A ។ ប៉ុន្តែសម្រាប់យន្តហោះហោះឡើងលឿន និងចុះចតបញ្ឈរ F-35B អាចត្រូវបានដាក់ពង្រាយនៅលើនាវាពិឃាតនៃកងកំលាំងស្វ័យការពារដែនសមុទ្រ។ ក្នុងនោះផងដែរមន្ត្រីសហរដ្ឋអាមេរិកត្រូវផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេសដល់ប្រទេសជប៉ុនរយៈពេល ២៥ឆ្នាំ។
កិច្ចព្រមព្រៀងនេះគឺជាការលក់សំភារៈយោធាធំជាងគេទី២ របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសដទៃ ចាប់តាំងពីអាមេរិកបានលក់យន្ដហោះចម្បាំងទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់ NHK ថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសមត្ថភាពការពារជាតិរបស់ជប៉ុន និងគាំទ្រដល់សេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK