កាហ្សាក់ស្ថានបដិសេធការអះអាងរបស់ស្ថានទូតចិន ដែលបាននិយាយថានៅប្រទេសខ្លួនមានការផ្ទុះឡើងនៃជំងឺរលាកសួតចម្លែកមួយ ដែលកាចសាហាវជាងជំងឺកូវីដ១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា កាហ្សាក់ស្ថានបានធ្វើការបដិសេធការអះអាងរបស់ស្ថានទូតចិន ដែលបាននិយាយថា ប្រទេសខ្លួនមានការកើនឡើងនៃករណី «ជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ» ហើយថាវាសាហាវជាងជំងឺ COVID-19 ទៅទៀត។ ស្ថានទូតចិនបានបន្ថែមថា តំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺនៅក្នុងខេត្ត Atyrau និង Aktobe និងទីក្រុង Shymkent ខណៈតំបន់ទាំង ៣ នេះមានចម្ងាយឆ្ងាយពីគ្នារាប់រយ រាប់ពាន់គីឡូម៉ែត្រ។

ស្ថានទូតចិនក៏បានអះអាងបន្ថែមដែរថា ជំងឺចម្លែកនេះបានសម្លាប់ពលរដ្ឋកាហ្សាក់ស្ថានចំនួន ១,៧៧២នាក់ ចាប់តាំងពីដើមឆ្នាំ២០២០ ដូច្នេះពួកគេបានដាស់តឿនពលរដ្ឋចិនដែលនៅទីនោះ ដើម្បីឱ្យបង្កើនការប្រុងប្រយ័ត្ន។
ឆ្លើយតបចំពោះការអះអាងនេះ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានបាននិយាយថា របាយការណ៍នេះ «មិនពិតទេ» ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានបានទទួលស្គាល់វត្តមាននៃ «ជំងឺរលាកសួតដោយសារវីរុសដែលមិនមានលក្ខណៈជាក់លាក់» ប៉ុន្តែបាននិយាយថា ការព្រមានដែលចេញដោយស្ថានទូតចិនមិនបានឆ្លើយតបនឹងការពិតទេ។
ក្រសួងបានទទួលស្គាល់ថា ជំងឺរលាកសួតនេះមានអការដូចជារោគសញ្ញាជំងឺ COVID-19 ប៉ុន្តែនៅពេលធ្វើតេស្ដរកជំងឺគឺអវិជ្ជមាន។ ក្រសួងបាននិយាយទៀតថា អំឡុងពេល៦ខែដំបូងក្នុងឆ្នាំ២០១៩ ប្រទេសខ្លួនមានករណីអ្នកស្លាប់ដោយសារជំងឺរលាកសួតចំនួន ១,១៧២ ហើយរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ គឺមានអ្នកស្លាប់ដោយសារជំងឺ ១,៧៨០នាក់ ហើយចំនួនអ្នកមានជំងឺរលាកសួតក៏បានកើនឡើង ៥០% ផងដែរ។



អត្ថបទ៖ លីដា
ប្រភព៖ BBC