រឿង Jurassic World: Dominion ចាប់ថតបាន៥ថ្ងៃ ស្រាប់តែផ្អាកថតវិញ ដោយសារក្រុមការងារមួយចំនួនកើតកូវីដ១៩
សម្រាប់ប្រិយមិត្តដែលកំពុងរង់ចាំទស្សនាកំពូលខ្សែភាពយន្តរឿង Jurassic World: Dominion ប្រហែលជាត្រូវខកចិត្តបន្តិចហើយព្រោះកាលពីពេលថ្មីៗនេះខាងផលិតកម្ម Universal Pictures បានប្រកាសថា ការផលិតខ្សែភាពយន្តនឹងត្រូវពន្យាពេលដោយសារតែមានក្រុមការងារមួយចំនួនត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។

គេនៅចាំបានថា នាពេលកន្លងមកខាងផលិត Universal Pictures គ្រោងនឹងផលិតខ្សែភាពយន្តនេះឲ្យរួចរាល់និងដាក់បញ្ចាំងតាមរោងភាពយន្តជាផ្លូវការនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តែពេលនេះគេទំនងជាមិនអាចបញ្ចប់ការងារផលិតរឿងតាមការគ្រោងទុកនោះទេ។
បើយោងតាមលោក Colin Trevorrow ដែលជាអ្នកនិពន្ធនិងជាផលិតកខ្សែភាពយន្តបានឲ្យដឹងថា ការថតរឿងទើបតែដំណើរការបាន ៥ ថ្ងៃប៉ុណ្ណោះស្រាប់តែក្រុមការងារផលិតខែ្សភាពយន្តមួយចំនួនត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ហើយខាងផលិតកម្មក៏សម្រេចផ្អាកការថតមួយរយៈតែម្តងដើម្បីបង្កាការរាតត្បាតមេមរោគក្នុងចំណោមក្រុមការងារទាំងមូល។ យ៉ាងណាក្តី អ្នកនិពន្ធនិងជាផលិតកខ្សែភាពយន្តរូបនេះបានបញ្ជាក់ថា ពុំមានតារាសម្តែងណាម្នាក់បានឆ្លងជំងឺកូវីដ ១៩ ឡើយ ដោយអ្នកឆ្លងទាំងនោះគឺសុទ្ធជាក្រុមការងារថតនិងជំនួយការ៕




អត្ថបទ៖ ភក្តី
ប្រភព៖ dailymail