កំពុងប្រយុទ្ធជាមួយវីរុសកូវីដ១៩ មិនទាន់បានធូរដៃផង ឥលូវចិនត្រូវមកជួបបញ្ហាហ្វូងទ័ពសត្វកណ្តូបរាប់លានក្បាលមកស៊ីបំផ្លាញផលដំណាំទៀត (មានវីដេអូ)
ចិន៖ មិនទាន់រួចដៃពីការប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតជំងឺកូវីដ ១៩ ស្រួលបួលផង ពេលនេះចិនត្រូវប្រឈមនឹងបញ្ហាមួយទៀតគឺការគំរាមគំហែងដោយហ្វូងសត្វកណ្តូប។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា ក្រុង Pu’er ខេត្តYunnan ដែលជាតំបន់ព្រំដែនចិននិងឡាវនោះកំពុងទទួលរងនូវការគំរាមគំហែងដោយហ្វូងសត្វកណ្តូបរាប់លានក្បាល ចុះមកព្រមគ្នានិងស៊ីបំផ្លាញផលដំណាំរបស់ប្រជាកសិរយ៉ាងឆាប់រហ័ស។

បើតាមអាជ្ញាធរក្រុង Pu’er បានឲ្យដឹងថា សត្វកណ្ដូបទាំងនោះជាប្រភេទកណ្ដូបឬស្សីពណ៌លឿងមានប្រភពមកប្រទេសឡាវ ហើយគិតមកទល់នឹងពេលនេះហ្វូងសត្វកណ្តូបបានស៊ីបំផ្លាញដំណាំអស់ប្រមាណជាជិត ៧ គីឡូមែត្រការ៉េហើយ ខណៈគេហាក់គ្មានមធ្យោបានល្អណាមួយដើម្បីទប់ស្កាត់ពួកវានោះទេ។ បើតាមក្រុមអ្នកជំនាញខាងព្រៃឈើចិនបានព្យាករណ៍ថា ចិនអាចប្រឈមនឹងហ្វូងសត្វកណ្ដូបចាប់ពេលនេះរហូតដល់ខែកញ្ញា ហើយហ្វូងសត្វកណ្ដូបអាចបន្តធ្វើដំណើទៅកាន់ខេត្តក្រុងជាច្រើនកន្លែងទៀតផងដែរ។ គួរបញ្ជាក់ជូនថា ហ្វូងសត្វកណ្ដូបទាំងនេះបានអុកឡុកក្នុងប្រទេសឡាវកាលពីអំឡុងខែមីនាកន្លងទៅ តែឡាវហាក់មិនរងផលប៉ះពាល់ខ្លាំងដូចនេះចិននោះទេ ព្រោះឡាវមានផលដំណាំតិចហើយហ្វូងសត្វកណ្ដូបបាននៅក្នុងប្រទេសឡាវតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕




អត្ថបទ៖ ភក្តី
ប្រភព៖ dailymail