ម៉ាឡេស៊ីត្រូវប្រឈមនឹងបញ្ហាផ្សែងកខ្វក់មួយទៀតបន្ថែមពីលើវិបត្តិនៃជំងឺកូវីដ ១៩
ម៉ាឡេស៊ី៖ ខណៈដែលម៉ាឡេស៊ីកំពុងតែស្ថិតក្នុងដំណាក់កាលយកឈ្នះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ សារព័ត៌មាន worldofbuzz បានរាយការណ៍ថា ប្រទេសដ៏ធំមួយនេះនឹងត្រូវប្រឈមបញ្ហាផ្សែងកខ្វក់មួយបន្ថែមទៀត។ គួរបញ្ជាក់ជូនថា តាមធម្មតាបញ្ហាផ្សែងកខ្វក់បានកើតមាននៅក្នុងប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ ដោយបញ្ហាមួយនេះបានកើតឡើងនៅក្នុងអំឡុងពេលចាប់ពីខែមិថុនាដល់ខែតុលា ហើយផ្សែងកខ្វក់បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះកុមារនិងមនុស្សចាស់ជរា។

នៅចំពោះមុខបញ្ហាមួយនេះពលរដ្ឋម៉ាឡេស៊ីមួយចំនួនបានសម្ដែងនូវការព្រួយបារម្ភថា បញ្ហាផ្សែងកខ្វក់អាចជំរុញឲ្យជំងឺកូវីដ ១៩ រាតត្បាតកាន់តែឆាប់រហ័ស ប្រសិនបើមេរោគកូវីដ ១៩ អាចចម្លងតាមរយៈផ្សែងកខ្វក់នេះ។
យ៉ាងណាក្តី បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានអះអាងថា មកទល់នឹងពេលនេះនៅមិនទាន់មានភស្តុតាងឬការសិក្សាជាក់លាក់ណាមួយបានបង្ហាញថា មេរោគកូវីដ ១៩ អាចចម្លងតាមរយៈផ្សែងនិងខ្យល់ឡើយ ដូចនេះសុំពលរដ្ឋម៉ាឡេស៊ីទាំងអស់កុំព្រួយបារម្ភពេកអី។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រាប់ឲ្យពលរដ្ឋខ្លួនបន្តអនុវត្ត វិធានការអនាម័យជាពិសេសពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនក្នុងអំឡុងពេលមានផ្សែងកខ្វក់ ព្រោះថានៅក្នុងផ្សែងកខ្វក់អាចមានផ្ទុកមេរោគជាច្រើនដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz