រដ្ឋមួយចំនួនធំនៅអាមេរិកចាប់ផ្ដើមបិទអាជីវកម្មម្តងទៀត ខណៈប្រទេសទាំងមូលមានករណីឆ្លងកូវីដ១៩ហក់ឡើងរាប់ម៉ឺននាក់រៀងរាល់ថ្ងៃ
រដ្ឋជាង ៤០% នៅសហរដ្ឋអាមេរិកបានបញ្ឈប់ការបើកសកម្មភាពអាជីវកម្មឡើងវិញ ឬបង្កើនការរឹតត្បិតឡើងវិញ ខណៈពេលដែលប្រទេសនេះមានការកើនឡើងនៃការឆ្លងជំងឺ COVID-19 ។ បើយោងតាមរបាយការណ៍សរុបដោយសាកលវិទ្យាល័យចនហបគីនស៍បានឱ្យដឹងថា ចំនួនករណីថ្មីកាលពីថ្ងៃសៅរ៍នៅអាមេរិកមានចំនួន ៦១,៣៥២ ករណី ខណៈនៅរដ្ឋផ្លរីដាមានករណីចំនួន ១៥,០០០ ករណី ដែលជាចំនួនប្រចាំថ្ងៃធំបំផុតមិនធ្លាប់មាន។ ឥឡូវនេះមានមនុស្សប្រហែល ៧,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋផ្លរីដា ដែលកំពុងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែពិបាក។

យ៉ាងហោចណាស់មានរដ្ឋចំនួន ២១ ក្នុងចំណោម ៥០ កំពុងពិនិត្យឡើងវិញនូវគោលការណ៍ក្នុងការបើកអាជីវកម្មឡើងវិញ ឬបញ្ឈប់សកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះផងដែរអភិបាលរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា បានបញ្ជាឱ្យមានការរឹតត្បិតជាថ្មីម្តងទៀតនៅតាមបារ និងភោជនីយដ្ឋាន ដែលកន្លែងទាំងនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាល។ ចំណែករដ្ឋមួយចំនួននៅភាគពាយព្យ និងខាងត្បូង ក៏បានបញ្ឈប់ការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយអ្នកខ្លះនិយាយថា ការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ចមិនគ្រប់គ្រាន់ទេ ខណៈអភិបាលរដ្ឋតិចសាស់បាននិយាយថា ជំហានបន្ទាប់គឺប្រហែលជាការបិទទ្វារ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK