ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសអាមេរិកវ័យ៣០ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ ក្រោយបានទៅចូលរួម “ពិធីជប់លៀងកូវីដ”

    BY autoadmin July 14, 2020
    បុរសអាមេរិកវ័យ៣០ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ ក្រោយបានទៅចូលរួម “ពិធីជប់លៀងកូវីដ”

    អាមេរិក៖ បុរសអាមេរិកវ័យ ៣០ ឆ្នាំម្នាក់ត្រូវបានសារព័ត៌មាន បាងកកប៉ុស្ដិ៍ រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 បន្ទាប់ពីគាត់បានទៅចូលរួមពិធី “ជប់លៀងកូវីដ”។ បើតាមអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby​ ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Methodist ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា បើទោះជំងឺ COVID-19 បានសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោកក៏ដោយ ក៏ពលរដ្ឋអាមេរិកមួយចំនួនតូចហាក់មិនខ្លាចជំងឺនេះទាល់តែសោះ ដោយអ្នកខ្លះគិតថាពួកគេនៅក្មេងមិនងាយឆ្លងជំងឺ ហើយបើទោះជាឆ្លងក៏អាចព្យាបាលវិញបានដោយងាយដែរ។

    ជាក់ស្ដែងដូចក្នុងករណីខាងលើនេះ គឺបុរសជនរងគ្រោះបានសម្រេចទៅចូលរួមពិធី “ជប់លៀងកូវីដ” ដែលរៀបចំឡើងដោយអ្នកជំងឺ COVID-19 ម្នាក់ ​ហើយគោលបំណងក្នុងការទៅចូលរួមពិធីដ៏គឃ្លើននេះ គឺព្រោះតែបុរសជនរងគ្រោះចង់បង្ហាញថា គាត់នៅវ័យក្មេងមានសុខភាពល្អគ្រប់គ្រាន់ទប់ទល់ជំងឺបាន ហើយមិនងាយឆ្លងដូចមនុស្សចាស់ជរា និងអ្នកមានជំងឺប្រចាំកាយស្រាប់នោះទេ។ មុនពេលដែលបុរសជាជនរងគ្រោះបានស្លាប់ គាត់ក៏ធ្លាប់និយាយទៅកាន់ពេទ្យរបស់គាត់ថា៖«អ្នកដឹងទេ ខ្ញុំគិតថាខ្ញុំបានបង្កកំហុស។ ខ្ញុំធ្លាប់គិតថា ជំងឺនេះជាការបោកបញ្ឆោត (hoax) ប៉ុណ្ណោះ»

    អ្នកស្រីវេជ្ជបណ្ឌិត Jane Appleby បានពន្យល់យ៉ាងច្បាស់ថា មនុស្សគ្រប់វ័យអាចឆ្លងជំងឺ COVID-19 មិនថាជាមនុស្សចាស់ជរា ឬមានជំងឺប្រចាំកាយនោះទេ។ មនុស្សវ័យក្មេងច្រើនគិតថាពួកគេមានសុភាពល្អ ប៉ុន្តែមិនមែននោះទេ ពួកគេអាចនឹងឈឺធ្ងន់ជាងការដែលយើងមើលឃើញនៅខាងក្រៅទៅទៀត។ អ្នកស្រីវេជ្ជបណ្ឌិត Jane Appleby បានបន្ថែមថា បើមើលនឹងភ្នែកគឺពួកគេមិនដូចជាមនុស្សឈឺនោះទេ ប៉ុន្តែប្រសិនបើពិនិត្យមើលកម្រិតអុកស៊ីសែនរបស់ពួកគេនៅក្នុងមន្ទីរពិសោធន៍ យើងដឹងច្បាស់ថាពួកគេកំពុងតែឈឺ៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ bangkokpost

    Share This Post: