ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានផ្នែក​ ICU នៅអ៉ីតាលីនិយាយថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ភាគច្រើនអាចនៅមានបញ្ហារ៊ាំរ៉ៃ

    BY autoadmin July 13, 2020
    ប្រធានផ្នែក​ ICU នៅអ៉ីតាលីនិយាយថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ភាគច្រើនអាចនៅមានបញ្ហារ៊ាំរ៉ៃ

    ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ នៅឯភាគខាងជើងប្រទេសអ៉ីតាលី ដែលជាកន្លែងស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងនៃប្រទេសនេះនិយាយថា អ្នកជំងឺ COVID-19 នៅមានបញ្ហាសុខភាពដែលមិនអាចបាត់ទៅវិញនោះទេ។ លោកវេជ្ជបណ្ឌិត Roberto Cosentini ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Papa Giovanni XXIII ក្នុងទីក្រុង Bergamo តំបន់ Lombardy បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញករណីមួយចំនួន ដែលអ្នកជំងឺនៅតែមានបញ្ហារ៊ាំរ៉ៃបន្ទាប់ពីពួកគេបានជាពីជំងឺ COVID-19 ប៉ុន្តែមិនបានបញ្ជាក់ថាក្នុងទំហំប៉ុនណានោះទេ។

    រំលឹកដែរថាមន្ទីរពេទ្យ Papa Giovanni XXIII កាលពីពាក់កណ្ដាលខែមីនា ត្រូវបានគេមើលឃើញពីការកើនឡើងនៃចំនួនអ្នកចូលបន្ទប់ ICU ហើយក៏មានវីដេអូទាក់ទងនឹងសកម្មភាពនោះបង្ហោះលើអ៉ីធឺណេតផងដែរ។ ក្នុងទីក្រុង Bergamo ធ្លាប់ជាកន្លែងមានការរាលដាលបំផុតមួយនៅទ្វីបអ៉ឺរុប ហើយមានពេលមួយនោះ យោធាអ៉ីតាលីត្រូវបង្ខំចិត្តដឹកសាកសពរបស់អ្នកស្លាប់ទៅខេត្តនានាជាប់របង ដោយសារតែកន្លែងដាក់សពនៅទីក្រុង Bergamo ពេញណែនអស់។ មានសាកសពខ្លះត្រូវប្រមូលទៅព្រះវិហារសាសនា​ ឬរុំទុកចោលនៅកន្លែងដែលពួកគេស្លាប់ផ្ទាល់តែម្ដង។

    លោកវេជ្ជបណ្ឌិត Roberto Cosentini កាលពីដំបូងធ្លាប់គិតថា COVID-19 វាដូចជាជំងឺផ្ដាសាយ ក្រោយមកគាត់គិតថា វាដូចជាផ្ដាសាយបូករួមទាំងការរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែចុងក្រោយទើបគាត់ភ្ញាក់ដឹងថា វាគឺជាជំងឺដែលមានលក្ខណៈជាប្រព័ន្ធ ជាមួយនឹងការខូចខាតដល់សរសៃឈាមនៅក្នុងខ្លួនទាំងមូល ជាប់ទាក់ទងនឹងតំរងនោម ហើយផ្នែកខួរក្បាលផងដែរ។ ផលប៉ះពាល់ក្នុងរយៈពេលវែងនៅមិនទាន់មានការសន្និដ្ឋានទេ ប៉ុន្តែបញ្ហាជាមួយនឹងពោះវៀន បេះដូង និងតម្រងនោម អាចកើតមានជាញឹកញាប់សម្រាប់អ្នកដែលជាពីជំងឺរួច។ ចំណែកអ្នកជំនាញផ្សេងទៀតក៏បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តនៃអ្នកដែលបានឆ្លងជំងឺ COVID-19 ធ្ងន់ធ្ងរផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ SKY NEWS, Business Insider

    Share This Post: