បុគ្គលិកមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកជិត ១,០០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
បុគ្គលិកក្រុមហ៊ុនម៉ៅការឯកជនដែលធ្វើការនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍សហរដ្ឋអាមេរិកជាង ៩៣០នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ បុគ្គលិកម៉ៅការទាំងនោះគឺមកពីក្រុមហ៊ុន CoreCivic (CXW.N), ក្រុមហ៊ុន GEO Group (GEO.N), ក្រុមហ៊ុន Management & Training Corp (MTC) និងក្រុមហ៊ុន LaSalle Corrections ដែលពួកគេធ្វើការឱ្យទីភ្នាក់ងារច្បាប់អន្តោប្រវេសន៍និងគយអាមេរិក (ICE) នៅក្នុងការតាមចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងនោះក៏រួមមានបុគ្គលិករបស់ ICE ផ្ទាល់ចំនួន ៤៥នាក់ ដែលបានតេស្ដវិជ្ជមានជាមួយជំងឺរាតត្បាត COVID-19 នេះ។

ឥឡូវនេះក្រុមអ្នកច្បាប់បានលើកឡើងពីការព្រួយបារម្ភ អំពីការរីករាលដាលនៅជិតមណ្ឌលឃុំឃាំងចំនួន ៧០ នៅទូទាំងប្រទេស ខណៈដែលមានជនអន្តោប្រវេសន៍ជាង ៣,០០០នាក់ នៅក្នុងមន្ទីរឃុំឃាំងរបស់ ICE បានតេស្តវិជ្ជមានជាមួយ COVID-19 ទោះបីជាអ្នកខ្លះបានជាសះស្បើយ ឬត្រូវបានដោះលែងក៏ដោយ ហើយក្នុងនោះក៏មានអ្នកស្លាប់២នាក់ផងដែរ។ ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកសន្តិសុខមាតុភូមិលោក Kathleen Rice អ្នកប្រជាធិបតេយ្យមកពីញូវយ៉កបាននិយាយថា បញ្ហាផ្សេងៗដែលកំពុងចោទមានឡើងគឺការពន្យារពេលតេស្ដ វេជ្ជសាស្រ្តមិនគ្រប់គ្រាន់ ក៏ដូចជាកង្វះឧបករណ៍ការពារជាដើម។
ក្នុងនោះផងដែរក្រុមហ៊ុន CoreCivic បាននិយាយថា បុគ្គលិកខ្លួន ៥៥៤នាក់ ក្នុងចំណោម ១៤,០០០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយ COVID-19។ ក្រុមហ៊ុន GEO Group បាននិយាយថា បុគ្គលិកខ្លួនចំនួន ១៦៧នាក់ ក្នុងចំណោមបុគ្គលិក ៣,៧០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺ។ ក្រុមហ៊ុន LaSalle Corrections បាននិយាយថា បុគ្គលិកចំនួន ១៤៤នាក់ ក្នុងចំណោមបុគ្គលិក ៣,០០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺ ហើយចុងក្រោយគឺ MTC ដែលបាននិយាយថា បុគ្គលិក ៧៣នាក់ ក្នុងចំណោមបុគ្គលិក ១,២០០នាក់ របស់ពួកគេបានតេស្ដវិជ្ជមាន៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ