ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះថ្នាក់រថយន្តក្រុងធ្លាក់ប្រលាយទឹក និងសម្លាប់មនុស្ស ២១ នាក់នៅចិន មិនមែនជារឿងចៃដន្យឡើយតែជាចេតនារបស់អ្នកបើកបរតែម្តង ព្រោះ….

    BY autoadmin July 14, 2020
    គ្រោះថ្នាក់រថយន្តក្រុងធ្លាក់ប្រលាយទឹក និងសម្លាប់មនុស្ស ២១ នាក់នៅចិន មិនមែនជារឿងចៃដន្យឡើយតែជាចេតនារបស់អ្នកបើកបរតែម្តង ព្រោះ….

    ចិន៖ សារព័ត៌មាន shanghaiist បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងដែលកាលពីពេលថ្មីនេះៗបានធ្លាក់ចូលទៅក្នុងប្រលាយទឹកមួយកន្លែងនៅក្នុងប្រទេសចិននិងបានសម្លាប់មនុស្សជាច្រើននាក់នោះមិនមែនជាគ្រោះថ្នាក់ចៃដន្យឡើយ តែវាជាចេតនារបស់របស់អ្នកបើកបរផ្ទាល់តែម្តងដែលចង់បើករថយន្តទម្លាក់ចូលទៅក្នុងទឹក។ គួរម្លឹកជូនថា កាលពីសប្តាហ៍មុននេះមានរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ទឹកប្រលាយមួយកន្លែងនៅក្នុងក្រុង Anshun ខេត្ត Guizhou ប្រទេសចិន និងបានសម្លាប់អ្នកដំណើរសរុបចំនួន ២១ នាក់ហើយក្នុងនោះមានសិស្សសាលាចំនួន ៥នាក់ដែលទើបត្រលប់មកពីធ្វើការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យក៏បានស្លាប់បាត់បង់ជីវិតផងដែរ។

    ភ្លាមៗក្រោយកើតមានហេតុការណ៍នេះគេគិតថា ទំនងជាអ្នកបើកបរបើកជ្រុលចង្កូតឬរថយន្តមានបញ្ហា តែវាគួរឲ្យសង្ស័យខ្លាំងណាស់ព្រោះអ្នកបើកបរបានបើកលើផ្លូវមួយខ្សែនេះរាល់ថៃ្ងដោយសុវត្ថិភាពរយៈពេល ២៣​ឆ្នាំមកហើយនៃអាជីពជាអ្នកបើកបររបស់គាត់។

    យ៉ាងណាក្តី បន្ទាប់ពីការស៊ើបអង្កេតគេបានឃើញការពិតថា បុរសជាអ្នកបើកបរមានឈ្មោះថា Zhang អាយុ ៥២ ឆ្នាំ ហើយរូបគាត់រស់នៅក្នុងផ្ទះជួលមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋ។ មុនពេលកើតហេតុលោក Zhang  បានទទួលប្រាក់ចំនួន ៧២,៥៤២ យន់ (១,៣៦១ ដុល្លារអាមេរិក) ពីអាជ្ញាធរជាថ្នូរនឹងការចាកចេញពីផ្ទះរបស់គាត់ ព្រោះអាជ្ញាធរត្រូវការអភិវឌ្ឍន៍តំបន់ដែលគាត់រស់នៅនោះជាចាំបាច់។

    លោក Zhang បានយល់ព្រមទទួលយកប្រាក់សំណងដូចពលរដ្ឋដទៃដែរ តែបញ្ហានៅត្រង់ថាគាត់មិនទាន់ទទួលបានផ្ទះថ្មីសម្រាប់នៅស្រួលបួលផង ស្រាប់តែអាជ្ញាធរចុះទៅរុះរើផ្ទះរបស់គាត់បាត់ទៅហើយ។ ស្ថិតក្នុងស្ថានភាពនេះលោក Zhang កើតមានចិត្តខឹងយ៉ាងខ្លាំងជាមួយអាជ្ញាធរ ហើយក្នុងថ្ងៃកើតហេតុនោះគាត់បានផឹកស្រាយ៉ាងច្រើននិងបានផ្ញើសារទៅកាន់មិត្តស្រីគាត់ថា គាត់ពិតជាអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់ដែលមានតែបញ្ហាក្នុងជីវិតមិនចេះចប់ ហើយបន្តិចក្រោយមករូបគាត់ក៏សម្រេចចិត្តបើករថយន្តក្រុងទម្លាក់ចូលទៅក្នុងប្រលាយទឹកតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post: