ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ាន! ជនបរទេសចំនួន ១២នាក់ ត្រូវសាំងហ្គាពួរនិរទេសចេញ និងហាមមិនឱ្យចូលមកវិញទៀតឡើយ ដោយសារបំពានវិធានការទប់ទល់ជំងឺកូវីដ១៩

    BY autoadmin July 14, 2020
    កុំចេះតែហ៊ាន! ជនបរទេសចំនួន ១២នាក់ ត្រូវសាំងហ្គាពួរនិរទេសចេញ និងហាមមិនឱ្យចូលមកវិញទៀតឡើយ ដោយសារបំពានវិធានការទប់ទល់ជំងឺកូវីដ១៩

    ជនបរទេសចំនួន ១២នាក់ ត្រូវបាននិរទេសចេញ និងរារាំងមិនឱ្យចូលប្រទេសសាំងហ្គាពួរវិញឡើយ ពីព្រោះពួកគេមិនគោរពតាមវិធានការរក្សារគម្លាតប្រកបដោយសុវត្ថិភាព នៅក្នុងអំឡុងពេលដែលសាំងហ្គាពួរកំពុងអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ អាជ្ញាធរអន្តោប្រវេសន៏ និងអធិការកិច្ច (ICA) និងមន្ត្រីប៉ូលីសសាំងហ្គាពួរ បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ជនបរទេសទាំងនោះបានប្រព្រឹត្តបទល្មើស ៣ ករណីខុសៗគ្នា ដោយមានជនជាម៉ាឡេស៊ីម្នាក់ ជនជាតិចិនម្នាក់ និងជនជាតិឥណ្ឌា១០នាក់។

    ករណីទី១គឺជាបុរសជនជាតិម៉ាឡេស៊ី អាយុ២៣ឆ្នាំ ជាអ្នកកាន់ប័ណ្ណការងារ ដែលបានហៅមិត្តភក្តិមកផឹកស៊ីជាមួយគ្នានៅផ្ទះខ្លួន ហើយបន្ទាប់មកក៏ទាញម៉ូតូដឹកគ្នាទៅផ្ទះរៀងខ្លួន ប៉ុន្តែត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនបាន។ គាត់ត្រូវបានចោទប្រកាន់ពីបទបើកបរទាំងស្រវឹង និងរំលោភលើការរឹតត្បិតសម្រាប់ការចេញដោយមិនចាំបាច់ និងការហាមឃាត់លើការជួបជុំ។ គាត់ត្រូវបានគេពិន័យជាទឹកប្រាក់ ៤,០០០ ដុល្លារ ហើយលិខិតឆ្លងដែនរបស់គាត់ត្រូវបានដកហូត ខណៈខ្លួនគាត់ក៏ត្រូវបញ្ជូនទៅស្រុកដើមវិញ បន្ទាប់ពីរកឃើញថាមានពិរុទ្ធ។

    ករណីទី២គឺជាស្ត្រីជនជាតិចិន អាយុ៣៧ឆ្នាំ និងត្រូវពិន័យជាប្រាក់ ៧,០០០ដុល្លារ ពាក់ព័ន្ធនឹងការបម្រើសេវាផ្លូវភេទដែលមានតម្លៃតែ ១០០ ដុល្លារប៉ុណ្ណោះ។ ករណីទី៣ គឺជាជនជាតិឥណ្ឌាដែលមានគ្នា ១០នាក់ ត្រូវបានពិន័យជាប្រាក់ពី ២,០០០ ដុល្លារ – ៤,៥០០ ដុល្លារ ដោយសារធ្វើការជួបជុំគ្នាផ្ទុយពីច្បាប់រក្សាគម្លាត ហើយពួកគេត្រូវបានគេលុបប័ណ្ណនិស្សិត ឬការងារចោល បន្ទាប់ពីរកឃើញថាមានពិរុទ្ធ។ ពួកគេត្រូវបាននិរទេសទៅប្រទេសឥណ្ឌា និងត្រូវបានរារាំងមិនឱ្យចូលមកសាំងហ្គាពួរម្តងទៀត ចាប់ពីចន្លោះខែមិថុនា និងកក្កដា តរៀងមក។

    អាជ្ញាធរអន្តោប្រវេសន៏ និងអធិការកិច្ច និងមន្ត្រីប៉ូលីស បានក្រើនរំលឹកដល់សមាជិកសាធារណៈថា អាជ្ញាធរនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងអ្នកណាដែលមិនអនុវត្តតាមវិធានការរក្សាគម្លាត ឬបង្ហាញការមិនយកចិត្តទុកដាក់ចំពោះច្បាប់នៅសាំងហ្គាពួរនោះទេ។ សកម្មភាពអាចរាប់បញ្ចូលការបញ្ចប់ទិដ្ឋាការ ឬប័ណ្ណការងារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: