អន្តរជាតិ

ជាប្រវត្តិសាស្ត្រថ្មីមួយដែលប្រទេសបារាំងបញ្ចេញទឹកប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីដំឡើងប្រាក់ខែដល់បុគ្គលិកសុខាភិបាលជួរមុខ

BY
autoadmin
July 14, 2020

រដ្ឋាភិបាលនិងសហជីពបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ ដោយផ្តល់ប្រាក់ឈ្នួលជាង ៨ ពាន់លានអឺរ៉ូ (៩ពាន់លានដុល្លារ) ដើម្បីបន្ថែមដល់បុគ្គលិកសុខាភិបាល ខណៈនាយករដ្ឋមន្រ្តីទើបកាន់តំណែងថ្មីលោក Jean Castex បានទទួលស្គាល់ថា ការផ្លាស់ប្តូរនេះវាហាក់យឺតពេលទៅហើយ។ នៅអំឡុងពេលប្រទេសបារាំងប្រឈមនឹងការផ្ទុះឡើងខ្ពស់បំផុត ប្រជាជនតែងតែបានអបអរសាទររាល់បុគ្គលិកសុខាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ព្រោះបើគ្មានការយកចិត្តទុកដាក់ពីបុគ្គលិកពេទ្យជួរមុខ ស្ថានភាពនឹងអាក្រក់ស្រមៃមិនចេញនោះទេ។ កញ្ចប់ទឹកប្រាក់ ៧​.៥ ពាន់លានអឺរ៉ូ (៨.៥ ពាន់លានដុល្លារ) សម្រាប់ការដំឡើងប្រាក់ខែគិលានុបដ្ឋាយិកា និងអ្នកថែទាំ ដែលពួកគេនឹងទទួលបានការដំឡើងប្រចាំខែជាមធ្យម ១៨៣អឺរ៉ូ (២០៨ដុល្លារ)។

ក៏មានទឹកប្រាក់ចំនួន ៤៥០ លានអឺរ៉ូ (៥១០លានដុល្លារ) សម្រាប់ដំឡើងឱ្យក្រុមគ្រូពេទ្យធ្វើការក្នុងវិស័យសាធារណៈ ដែលជាសកម្មភាពមួយដែលមានគោលបំណងទាក់ទាញពួកគេ ពីការទៅធ្វើការឱ្យគ្លីនិកឯកជនដែលរកចំណូលបានច្រើន។ បន្ទាប់ពីមានពិធីចុះហត្ថលេខាដែលមានរយៈពេល ៧សប្តាហ៍ នៃការចរចារវាងរដ្ឋាភិបាលនិងសហជីព លោកនាយករដ្ឋមន្រ្តី Jean Castex បានមានប្រសាសន៍ថា៖«គ្មាននរណាម្នាក់អាចបដិសេធបានទេថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ប្រព័ន្ធសុខាភិបាលរបស់យើង»។ លោកបានមានប្រសាសន៍ថា៖«នេះជាការទទួលស្គាល់ដំបូងបង្អស់នៃអ្នកដែលបានឈរជើងជួរមុខ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ»។ ប៉ុន្តែសហជីពមួយចំនួនរួមទាំង Hardline CGT ដែលប្រកាន់ជំហររឹងមាំ បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ដែលជាការបង្ហាញថាភាពតានតឹងលើបញ្ហានេះអាចនឹងមិនត្រូវបានបញ្ចប់ឡើយ៕

អត្ថបទ​៖ លីដា
ប្រភព៖ France 24

Share This Post: