ការស្ទង់មតិបង្ហាញថា ពលរដ្ឋអង់គ្លេសជាង ១លាននាក់ បានឈប់ជក់បារី ចាប់តាំងពីជំងឺកូវីដ១៩ បានវាយលុក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សជាង ១លាននាក់ នៅចក្រភពអង់គ្លេសបានបោះបង់ចោលការជក់បារីរបស់ពួកគេ ចាប់តាំងពីមានការរាតត្បាតនៃជំងឺ COVID-19 នេះបើតាមការស្ទង់មតិសម្រាប់សកម្មភាពសប្បុរសធម៌ស្តីពីការជក់បារី និងសុខភាព (Ash) បានបង្ហាញ។ ក្នុងរយៈពេល៤ខែចុងក្រោយនេះ មានពលរដ្ឋរហូតដល់ទៅ ៤១% នៃចំនួនសរុបជាង១លាននាក់នោះ បានបោះបង់ការជក់បារីរបស់ពួកគេ ហើយនេះទំនងជាមកពីជំងឺ COVID-19 ដែលធ្វើឱ្យពួកគេចេះបារម្ភពីសុខភាព ហើយខណៈមានការបិទទ្វារតាមតំបន់ផងនោះ ការជួបជុំគ្នាដើម្បីជក់បារីកម្សាន្តក៏គ្មានទៀតដែរ។

ដោយឡែកមហាវិទ្យាល័យសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍ (UCL) បានរកឃើញថា មនុស្សជាច្រើនឈប់ជក់បារីចាប់តាំងពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២០ ដែលជាចំនួនច្រើនជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០០៧។ គិតត្រឹមខែមិថុនា ឆ្នាំំ២០២០ អ្នកជក់បារីចំនួន ៧.៦% ដែលបានចូលរួមការស្រង់មតិនេះបានឈប់ជក់បារី ដែលវាស្ទើរតែមួយភាគបីខ្ពស់ជាងចំនួនជាមធ្យមនៃឆ្នាំមុនៗ ខណៈមានតែពលរដ្ឋ ៥.៩% ប៉ុណ្ណោះ ដែលបានឈប់ជក់បារីកាលពីឆ្នាំ២០០៧។ ដូច្នេះមានន័យថា ឆ្នាំនេះជំងឺ COVID-19 បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យពលរដ្ឋអង់គ្លេសឈប់ជក់បារី ហើយវាស្របដែលការពិតទៅជំងឺ COVID-19 នឹងកាន់តែមានហានិភ័យសម្រាប់អ្នកជកបារី។
យ៉ាងណាក៏ដោយនៅស្របពេលដែលពលរដ្ឋជាង ១លាននាក់ បានសម្រេចឈប់ជក់បារីដោយជោគជ័យ ប៉ុន្តែវាជាចំនួនត្រឹមតែ ១ ភាគ ៥ នៃចំនួនអ្នកជក់បារីសរុបប៉ុណ្ណោះ ហើយអ្នកជំនាញនៅតែបារម្ភចំពោះសុខភាពសួតរបស់ពួកគេ។ របាយការណ៍ដោយសកម្មភាពសប្បុរសធម៌ស្តីពីការជក់បារី និងសុខភាពបានបង្ហាញថា មានមនុស្សរហូតដល់ទៅ ៧លាននាក់ នៅចក្រភពអង់គ្លេសគឺជាអ្នកជក់បារី គិតត្រឹមឆ្នាំ២០១៩ ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC